ព័ត៌មានជាតិ

កម្លាំង​កងរាជអាវុធហត្ថ រាជធានី​ភ្នំពេញ ទទួលបាន​ការលើកទឹកចិត្ត​ពី​មេបញ្ជាការ ក្រោយ​បំពេញបេសកកម្ម​សង្គ្រោះ​ពលរដ្ឋ​!

ភ្នំពេញ,, នៅ​រសៀល​ថ្ងៃទី​ ៣១ ខែតុលា ឆ្នាំ​២០២០ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ប្រារព្ធ​ពិធី​សំណេះសំណាល និង​ផ្តល់​អំណោយ​លើកទឹកចិត្ត​ដល់​កងកម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ទាំងអស់ ដែល​បាន​ចុះ​បំពេញបេសកកម្ម ជួយសង្គ្រោះ​និង​បម្រើ​ពលរដ្ឋ​រងគ្រោះ​ព្រោះ​ទឹកជំនន់ ដើម្បី​ជាការ​ថ្លែងអំណរគុណ​និង​លើកទឹកចិត្ត​ឲ្យ​កងកម្លាំង ត្រៀម​បំពេញបេសកកម្ម​ដ៏​ទៃៗ​ក្រោយៗ​ទៀត​។

បន្ទាប់ពី​បាន​បំពេញបេសកកម្ម​អស់​ជាង​កន្លះ​ខែ នៅ​តំបន់​រងគ្រោះ ដោយ​ទឹកជំនន់​រួចមក កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ ត្រូវ​បានទទួល​ការអនុញ្ញាត​ពី​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គ​មេបញ្ជាការរង កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ឲ្យ​ដក​ចូល​គោលដៅ​ជា​បណ្តើរៗ ដើម្បី​បាន​សម្រាក​ពី​ការនឿយហត់ ក្នុង​រយៈកាល​កន្លងមក និង​ទុក​តែ​កម្លាំង​ខ្លះ ប្រចាំការ​នៅ​ទីបញ្ជាការ​ស្រាល ដើម្បី​ក្តាប់​ស្ថានភាព​ប៉ុណ្ណោះ​។​

​ថ្លែង​ក្នុង​ពិធី​សំណេះសំណាល នាឱកាស​នោះ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង បាន​លើកយក​នូវ​ប្រសាសន៍​ផ្តាំផ្ញើ​សួរសុខទុក្ខ និង​ថ្លែងអំណរគុណ របស់លោក​នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា ថ្លែង​ទៅកាន់​នាយទាហាន នាយទាហានរង នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ និង​ក្រុមគ្រួសារ​ទាំងអស់ ដែល​បាន​លះបង់​កម្លាំងកាយ កម្លាំងចិត្ត ពេលវេលា​ផ្ទាល់ខ្លួន​និង​ពេលវេលា​គ្រួសារ មក​ប្តេជ្ញា​ជួយសង្គ្រោះ​និង​បម្រើ​ពលរដ្ឋ រងគ្រោះ​ព្រោះ​ទឹកជំនន់ ប្រកបដោយ​សាមគ្គីភាព​និង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ រហូត​ទទួលបាន​ជោគជ័យ​គ្រប់​ជំហាន​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង បាន​ថ្លែង​បន្ថែមថា បើទោះបីជា​ទឹកជំនន់​បាន​ស្រក​ចុះ ហើយ​ភារកិច្ច បាន​ធូរស្រាល​ខ្លះ ក៏ពិតមែន តែ​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ទាំងអស់ គឺ​ត្រូវតែ​ត្រៀមខ្លួន​ជានិច្ច ដើម្បី​បំពេញភារកិច្ច​ដ៏ទៃទៀត​ជាច្រើន ពិសេស​នៅ​ចំពោះមុខ​នេះ កម្លាំង​ទាំងអស់​ត្រូវ​ចូលរួម​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់ ជូន​បងប្អូន​ប្រជាពលរដ្ឋ ដែល​ដើរ​កំសាន្ត នៅតាម​កន្លែង​ផ្សេងៗ​

ក្នុងរាជធានីភ្នំពេញ ក្នុងឱកាស ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក ដែលជា​ថ្ងៃបុណ្យ​ប្រពៃណី​ជាតិខ្មែរ ហើយ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក បាន​សន្យាថា នៅពេលណា​ដែល ចប់​ពិធី​បុណ្យអុំទូក​នេះ លោក​នឹង​អនុញ្ញាត​ឲ្យ​កងកម្លាំង​បាន​ផ្លាស់ប្តូរ​វេន​គ្នា​ឈប់សម្រាក​ទៅ​ជួបជុំ​គ្រួសារ​មួយរយៈ​ខ្លី ហើយ​ថ្ងៃនេះ លោក​សូម​ផ្តល់ជូន​កងកម្លាំង​នូវ​អំណោយ​បន្តិចបន្តួច​រួ​មាន មី​០២​កេស​, ទឹកក្រូច​០១​កេស និង ថវិកា ១០​ម៉ឺន​រៀល​សម្រាប់​កម្លាំង​ម្នាក់ៗ ដើម្បី​ជា​លើកទឹកចិត្ត​និង​សម្រាប់​ជា​កាដូ ផ្ញើ​ទៅកាន់​ក្រុមគ្រួសារ ទុកជា​ការចូលរួម​អបអរសាទរ ពិធីបុណ្យ​អុំទូក បើទោះបី​កងកម្លាំង​មិនបាន​ឈប់សម្រាក​ក៏ដោយ​៕​

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *