អង្គការ ការីតាស កម្ពុជា ជួយឧបត្ថម្ភទូកស្មាច់ ដល់ ខេត្តកណ្ដាល និងរាជធានីភ្នំពេញ ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋ ដែលកំពុងជួបបញ្ហាជំនន់ទឹកភ្លៀង

ខេត្តកណ្ដាល,,, នៅថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០២០ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់អង្គការការីតាស កម្ពុជា ក្នុងការចូលរួមចំណែកជួយប្រជាពលរដ្ឋក្នុងខេត្តកណ្ដាល និងរាជធានីភ្នំពេញ ក៏ដូចជា បណ្ដាខេត្តផ្សេងៗក្នុងប្រទេសកម្ពុជា ដែលកំពុងតែជួបបញ្ហាជំនន់ទឹកភ្លៀង។   ការថ្លែងអំណរគុណនេះធ្វើឡើងក្នុងពិធី ប្រគល់-ទទួលទូកសង្រ្គោះ ដែលជាអំណោយ របស់អង្គការ ការីតាស កម្ពុជា តាមរយៈគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្រោមអធិបតីភាព ឯកឧត្តម ហង្ស សាមឿន អនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ កាលពីពេលល្ងាចថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ នៅខណ្ឌដង្កោរ រាជធានីភ្នំពេញ។

ឯកឧត្តមអភិបាល បានបញ្ជាក់ថាការជួយនេះ គឺជាសេចក្តី ត្រូវការយ៉ាងធំធេងបំផុត សម្រាប់ប្រជាពលរដ្ឋកំពុងតែរងគ្រោះ ដែលត្រូវការជំនួយជាបន្ទាន់ពីសប្បុរសជន ជិតឆ្ងាយ ឯកឧត្តម អភិបាលខេត្តបានឲ្យដឹងថា ក្រោមការចង្អុលដឹកនាំ របស់រាជរដ្ឋាភិបាលយ៉ាងយកចិត្តទុកដាក់ ខេត្តកណ្ដាល បានត្រៀមរួចរាល់ក្នុងការជម្លៀសប្រជាពលរដ្ឋនចេញពីបញ្ហាគ្រោះមហន្តរាយនេះ ទៅកាន់ទីទួលមានសុវត្ថិភាព ដោយក្នុងនោះខេត្តកណ្ដាលបានត្រៀមទូកស្មាច់ចំនួន ២៥ គ្រឿង អូប័រ និង ទូកស្មាច់ ជាង ២០គ្រឿងទៀត ដែលជាជំនួយ របស់ ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិបណ្ឌិតហ៊ីងប៊ុនហៀង។

ក្រៅពីនេះខេត្តកណ្ដាលក៏មានការជួយឧបត្ថម្ភពីបណ្ដាស្រុកនានាក្នុងខេត្ត ជាពិសេសគឺ ខេត្តកណ្ដាលមានភាពកក់ក្តៅយ៉ាងខ្លាំង ព្រោះមានការជួយឧបត្ថម្ភ គាំទ្រពី សម្ដេច អគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា និងសម្ដេច គតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែជួយជានិច្ច ដោយមិនទុកឲ្យប្រជាពលរដ្ឋជួបទុក្ខលំបាក ឬបាត់បង់អាយុជីវិតឡើយ។

សូមជម្រាបថា ក្នុងពិធីនេះខេត្តកណ្តាលទទួលបាន ទូកស្មាច់ ដែលអាចផ្ទុកមនុស្សចាប់ពី ៧-១០នាក់ ចំនួន៤ឈុត ទូកអូប័រកៅស៊ូតូច ចំនួន០៣ឈុត និងអាវពោងសុវត្ថិភាពចំនួន១៥កំប្លេរ ពីអង្គការការីតាស កម្ពុជា។