លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល អញ្ជើញចូលរួមក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាល ស្ដីពីមុខជំនាញនគរបាលបច្ចេកទេស និងវិទ្យាសាស្រ្តកម្រិតមូលដ្ឋានគ្រឹះដល់សិក្ខាកាមចំនួន ១០៩ រូប..

ខេត្តកណ្ដាល៖  នារសៀលថ្ងៃទី ០៩ ខែតុលា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលបានអញ្ជើញចូលរួមក្នុងពិធីបិទវគ្គបណ្តុះបណ្តាល ស្តីពីមុខជំនាញនគរបាលបច្ចេកទេស និងវិទ្យាសាស្ត្រ កម្រិតមូលដ្ឋានគ្រឹះ ដល់សិក្ខាកាម មកពីនាយកដ្ឋាន,មកពីស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង​ ,​ ព្រៃវែងនិងកណ្តាលសរុបចំនួន ១០៩ រូបក្រោមអធិបភាព លោកឧត្ដមសេនីយ៍ឯក មួង សុធា អគ្គស្នងការរងទទួលការងារ នគរបាលបច្ចេកទេស និងវិទ្យាសាស្រ្ដ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ។

ក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពីលោក លាវ ស្រេង ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្កកណ្ដាល ,លោកឧត្ដមសេនីយ៍ ទោ ឈុន ចាន់សុខា ប្រធាននាយកដ្ឋាននគរបាលបច្ចេកទេស និងវិទ្យាសាស្រ្ដ ,លោកឧត្ដមសេនីយ៍ទោ ទិត្យ ប៊ុនណា អនុប្រធាននាយកដ្ឋានជាគ្រូបង្គោល,លោក REYMON KIRWAN គ្រូពេទ្យកោសល្យវិច្ច័យសាកសព និងប្រតិភូជាច្រើនរូបទៀតផងដែរ ។

លោកឧត្តមសេនីយ៍ទោ ទិត្យ ប៊ុនណា អនុប្រធាននាយកដ្ឋាននគរបាលបច្ចេកទេស និងវិទ្យាសាស្រ្ដ និងជាគ្រូបង្គោល បានរាយការណ៍ អំពីលទ្ធផលបូកសរុបវគ្គបំប៉នជំនាញ ដល់សិក្ខាកាម មកពីនាយកដ្ឋាននគរបាលបច្ចេកទេស និងវិទ្យាសាស្រ្ដចំនួន ១៣ រូប,ស្នងការដ្ឋាននគរបាលខេត្ដព្រៃវែង ចំនួន ៣៤រូប,​ខេត្ដស្វាយរៀងចំនួន១៧រូប​  និងសិក្ខាកាមនៅស្នងការដ្ឋាននគរបាលខេត្តកណ្តាលចំនួន៤៥រូប សិក្ខាកាមសរុបមានចំនួន ១០៩រូប​ ស្រី៣រូប​។

សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះ មានរយៈពេល០៥ថ្ងៃ ចាប់ផ្ដើមពីថ្ងៃទី៥ ដល់ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០ ដោយគ្រូឧទ្ទេស នៃនាយកដ្ឋាននគរបាលបច្ចេកទេសនិងវិទ្យាសាស្ត្រ ជាលទ្ធផល សិក្ខាកាមបានយកចិត្តទុកដាក់ សិក្សាស្វែងយល់ជំនាញ រហូតទទួលបានលទ្ធផលល្អប្រសើរ ។

បន្ទាប់ពីលោកឧត្ដមសេនីយ៍ទោ ទិត្យ ប៊ុនណា  អនុប្រធាននាយកដ្ឋាននគរបាលបច្ចេកទេស និងវិទ្យាសាស្រ្ដ និងជាគ្រូបង្គោលបានរាយការណ៍ជូនគណៈអធិបតីរួច ឯកឧត្ដម ឧត្ដមសេនីយ៍ឯក មួង សុធា អគ្គស្នងការរង ទទួលការងារនគរបាលបច្ចេកទេស និងវិទ្យាសាស្រ្ដ តំណាងឯកឧត្តម នាយឧត្ដមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ  បានវាយតម្លៃខ្ពស់ចំពោះវគ្គបណ្តុះបណ្ដាល ស្ដីពីមុខជំនាញនគរបាលបច្ចេកទេស និងវិទ្យាសាស្ត្រ កម្រិតមូលដ្ឋានគ្រឹះ ចំពោះសិក្ខាកាមមានរយៈពេល៥ថ្ងៃកន្លងមកនេះ សម្រេចបានលទ្ធផលល្អប្រសើរគួរជាទីមោទនៈ ហើយលោក បានថ្លែងអំណរគុណ ដល់លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ដ ស្នងការនគរបាលខេត្តកណ្ដាល ដែលបានផ្តល់ភាពកក់ក្ដៅ និងផ្ដល់ទីកន្លែងមានផាសុខភាពងាយស្រួល ក្នុងការបណ្ដុះបណ្ដាល និងថ្លែងអំណរគុណចំពោះក្រុមការងារដែលពាក់ព័ន្ធ ក្រុមគ្រូឧទ្ទេសនាម ដែលបានចូលរួមជ្រុំជ្រែងបណ្តុះបណ្តាលលើវិស័យធនធានមនុស្ស និងកោតសរសើរចំពោះសិក្ខាកាមដែលបានយកចិត្តទុកដាក់សិក្សាស្វែងយល់ អំពីជំនាញនីមួយៗ

ពីគ្រូឧទ្ទេសនាម ថ្វីបើវគ្គបណ្តុះបណ្តាលមានរយៈពេលខ្លីក៏ពិតមែន គឺដើម្បីបង្កើនសមត្ថភាពជំនាញ ចំណេះដឹង សម្រាប់ចូលរួមអនុវត្តភារកិច្ច នៅតាមបណ្ដាអង្គភាពរបស់ខ្លួន ថែរក្សាបាន សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈជូនសង្គមជាតិ និងប្រជាពលរដ្ឋ រស់នៅប្រកបភាពសុខក្សេមក្សាន្ត។

ជាមួយគ្នានោះដែរ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក មួង សុធា អគ្គស្នងការរង ក៏បានពាំនាំប្រសាសន៍ផ្តាំផ្ញើរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ស្ដីពី វិធានការ បង្ការ ទប់ស្កាត់ ប្រយុទ្ធប្រឆាំង នៃការរាតត្បាត នៃវីរុស COVID-19 ដល់មន្ត្រីនគរបាលគ្រប់មូលដ្ឋាន ដោយអនុវត្តយោងតាម សេចក្តី ណែនាំ របស់ក្រសួងសុខាភិបាល សម្រាប់ការចូលរួម បង្ការ ទប់ស្កាត់ ការរាលដាល នៃការរាតត្បាត នៃវីរុស COVID-19 ។

បន្ទាប់ពីសំណេះសំណាល និងផ្ដាំផ្ញើរួច ឯកឧត្ដម ឧត្ដមសេនីយ៍ឯក មួង សុធា អគ្គស្នងការរងបានប្រគល់វិញ្ញាបនបត្រ បញ្ជាក់ការសិក្សាដល់សិក្ខាកាមទាំង១០៩រូបផងដែរ៕