ឯកឧត្តម គង់សោភ័ណ្ឌអភិបាលនៃគណៈអភិបាល ខេត្តកណ្ដាល អញ្ជើញពិនិត្យស្ថានភាព វឌ្ឍនភាព នៃការរៀបចំវេទិការត្រៀមប្រារព្ធព្រះរាជពិធីសម្ពោធប៉ុស្តិ៍សុខភាព សម្តេចព្រះមហាសង្ឃរាជ បួរគ្រី- ក្នុងបរិវេណវត្តព្រះឥន្ទសាមគ្គីធម៌ …

ខេត្តកណ្ដាល រសៀលថ្ងៃសុក្រ ១៥កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០២ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាល ខេត្ត កណ្ដាល អមដំណើរដោយ ឯកឧត្តម នៃចារី អភិបាលរងខេត្ត បានដឹកនាំក្រុមការងារជំនាញពាក់ព័ន្ធ នៃរដ្ឋបាលខេត្តកណ្តាល ក្រោមការសហការគាំទ្រយ៉ាងយកចិត្តទុកដាក់បំផុតពីក្រុមការងារជំនាញរបស់ក្រសួងព្រះបរមរាជវាំង និងអគ្គលេខាធិការគណៈកម្មាធិការរៀបចំបុណ្យជាតិ-អន្តរជាតិ អញ្ជើញពិនិត្យស្ថានភាព វឌ្ឍនភាព នៃការរៀបចំវេទិការត្រៀមប្រារព្ធព្រះរាជពិធីសម្ពោធប៉ុស្តិ៍សុខភាព សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី-ព្រះករុណាព្រះមហាក្សត្រ សីហមុនី ក្នុងបរិវេណវត្តព្រះឥន្ទសាមគ្គីធម៌ ស្ថិតនៅភូមិត្រពាំងក្រពើ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ដែលនឹងប្រព្រឹត្តទៅនាព្រឹកថ្ងៃសៅរ៍ ១រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៣ស្អែកនេះ ក្រោមព្រះរាជធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតរបស់ប្រជារាស្រ្តខ្មែរ។

នារសៀលនេះដែរ មានការនិមន្ត និងអញ្ជើញចូលរួមដ៏ខ្ពង់ខ្ពស់បំផុតពី សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះ​មហា​សង្ឃរាជ​ គណៈធម្មយុត្តិកនិកាយ​ នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងជាប្រធានគណៈកម្មាធិការរៀបចំបុណ្យជាតិ និងអន្តរជាតិ ព្រមទាំង ឯកឧត្តម លោកជំទាវ ជាប្រតិភូអមដំណើរជាច្រើនរូបផងដែរ។