ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

សម្ដេចក្រឡាហោម ស ខេង ដាក់ចេញនូវគោលការណ៍ណែនាំ ដល់រដ្ឋបាលរាជធានី ខេត្ត ដើម្បីឲ្យការគ្រប់គ្រងមុខងារផ្តល់សេវាសុខាភិបាលមានប្រសិទ្ធិភាពខ្ពស់

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) បានមានប្រសាសន៍ណែនាំនូវចំណុចសំខាន់ៗមួយចំនួន ដល់ថ្នាក់ដឹកនាំនៃរដ្ឋបាលរាជធានី ខេត្ត រួមទាំងប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី ខេត្ត ក្នុងការអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួនលើការគ្រប់គ្រង ការចាត់ចែង និងការផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានឲ្យប្រកបដោយការទទួលខុសត្រូវខ្ពស់មានប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព។
បន្ថែមពីលើនេះ សម្ដេចក្រឡាហោមបានណែនាំឲ្យក្រុមប្រឹក្សា និងគណៈអភិបាលនៃរដ្ឋបាលរាជធានី ខេត្តត្រូវគ្រប់គ្រង ចាត់ចែង និងប្រើប្រាស់ធនធានមនុស្ស និងថវិការ ដែលបានផ្ទេរទៅឱ្យរដ្ឋបាលរាជធានី ខេត្តសាមីនីមួយៗ ប្រកបដោយតម្លាភាព ស្របតាមគោលការណ៍ បែបបទ និងនីតិវិធី ដែលបានកំណត់ ដើម្បីលើកកម្ពស់គុណភាព និងបរិមាណនៃការផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋ។
ជាងនេះទៅទៀត សម្ដេចក្រឡាហោមបានគូសបញ្ជាក់ថា លេខាធិការដ្ឋាន គ.ជ.អ.ប. ត្រូវបន្តសម្របសម្រួលជាមួយក្រសួងសុខាភិបាល ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីពន្លឿនការផ្ទេរទ្រព្យសម្បត្តិនានាពាក់ព័ន្ធនឹងមុខងារសេវាសុខាភិបាលដែលបានប្រគល់ទៅឱ្យរដ្ឋបាលរាជធានី ខេត្តឱ្យបានរួចរាល់នៅក្នុងឆ្នាំ២០២០នេះ។
សម្ដេចក្រឡាហោមលើកឡើងនូវគោលការណ៍ណែនាំនេះ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាសផ្សព្វផ្សាយ និងដាក់ឲ្យដំណើរការមន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានី-ខេត្ត នាព្រឹកថ្ងៃពុធ ទី៣ ខែមិថុនា ឆ្នាំ២០២០នេះ នៅទីស្តីការក្រសួងមហាផ្ទៃ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *