(ខេត្តកែប)៖ ពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ត្រូវបានរៀបចំឡើងដោយមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកែប ក្នុងបរិវេណវត្តកំពង់ត្រឡាច ភូមិកំពង់ត្រឡាច សង្កាត់ព្រៃធំ ក្រុងកែប ត្រូវបានធ្វើឡើង នៅរសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ ក្រោមវត្តមាន លោក កែន សត្ថា អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋ អមដំណើរដោយលោក លោកស្រីជាអភិបាលរងខេត្ត ប្រធានអនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អភិបាលក្រុង អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋក្នុងតំបន់។
តាមរបាយការណ៍របស់ លោក វ៉ៅ សុខា ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកែប បានឱ្យដឹងថា ក្រុមការងារអនុវត្តលើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនៅខេត្តកែបមានចំនួន០២ក្រុម ដែលមានសមភាពចំនួន១១រូបក្នុងមួយក្រុម ដោយក្រុមទី១កំពុងចុះអនុវត្តការងារវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនប្រជាពលរដ្ឋនៅក្នុងក្រុងកែប និងក្រុមទី២កំពុងអនុវត្តនៅស្រុកដំពាក់ចង្អើរ។
លោក វ៉ៅ សុខា បានបញ្ជាក់ទៀតថា បើគិតមកដល់ពេលនេះ យើងបានធ្វើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធបានចំនួន០៨ភូមិ ដោយមាន០៦ភូមិស្ថិតក្នុងក្រុងកែប រួមមាន ភូមិកែប ភូមិកែវក្រសាំង ភូមិដំណាក់ចង្អើរ ភូមិកំពង់ត្រឡាច ភូមិអូរក្រសារ ភូមិដំណាក់ចំបក់ និង២ភូមិស្ថិតក្នុងស្រុកដំណាក់ចង្អើរ រួមមាន ភូមិអូរដូង និងភូមិភ្នំលាវ។
លោកប្រធានបានបន្តថា បច្ចុប្បន្នយើងកំពុងដំណើរការវាស់វែងនៅភូមិនៅភូមិអូរក្រសារ និងភូមិដំណាក់ចំបក់ សម្រាប់ក្រុងកែប និងភូមិភ្នំលាវ សម្រាប់ស្រុកដំណាក់ចង្អើរ។ជាលទ្ធផលយើងសម្រេចបាន ការវាស់វែងរួចរាល់បានចំនួន ០៥ភូមិ គឺភូមិកែប២៤៨៨ក្បាលដី ភូមិកែវក្រសាំង៣១៣០ក្បាលដី ភូមិដំណាក់ចង្អើរ២៩២៦ក្បាលដី ភូមិកំពង់ត្រឡាច២២២៨ក្បាលដី និងភូមិអូរដូង១៣៨៩ក្បាលដី។
មានមតិសំពឹ់ណេះសំណាលក្នុងឱកាសនោះ លោក កែន សត្ថា ប្រធានគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត បានគូសបញ្ជាក់ថា ដោយអនុវត្តតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលចាប់តាំងពីអាណតិ្តទី២ រហូតដល់អាណតិ្តទី៦ ដែលដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ធ្វើឱ្យប្រជាពលរដ្ឋរស់នៅសុខសាន្ត ប្រកបដោយលំនឹងផ្លូវចិត្ត ហើយសេដ្ឋកិច្ចសង្គម ក៏មានការឈានឡើង ស្ថានភាពជីវភាពប្រជាពលរដ្ឋ កាន់តែល្អប្រសើរឡើងពីមួយឆ្នាំទៅមួយឆ្នាំ រួមជាមួយនឹងការអនុវត្តច្បាប់ និងគោរពសិទ្ធិមនុស្ស ជាពិសេសបញ្ហាវិវាទដីធ្លី ក៏បានដោះស្រាយជាបណ្តើរៗក្រោមការចូលរួមរបស់ប្រជាពលរដ្ឋ ស្ថាប័នពាក់ព័ន្ធ និងការយកចិត្តទុកដាក់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាល។
ជាមួយនេះ លោកក៏បានជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋថាពេលនេះ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បានធ្វើពិធីចែកវិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុ(ប័ណ្ណកម្មសិទ្ធិ)ជូនម្ចាស់ក្បាលដី ស្ថិតក្នុងភូមិកំពង់ត្រឡាច សង្កាត់ព្រៃធំ ក្រុងកែប សម្រាប់ប្រើប្រាស់តាមតម្រូវការ។
ជាមួយគ្នានេះ អត្ថប្រយោជន៍នៃប័ណ្ណកម្មសិទ្ធិដីធ្លីធានានូវសិទ្ធិរបស់អ្នកក្នុងការធ្វើជាម្ចាស់ ឬកាន់កាប់ដីធ្លី, ដោយអាចយកទៅប្រើប្រាស់សម្រាប់ធានាការកម្ចីប្រាក់បាន, ជាឯកសារសំអាងនៅពេលមានជម្លោះដីធ្លី, សុវត្ថិភាពចំពោះការផ្ទេរអចលនវត្ថុ, អាចបង្កើនតម្លៃដីកាន់តែបានថ្លៃ, ធ្វើឱ្យទីផ្សារដីកើនឡើងប្រកបដោយទំនុកចិត្ត, ហើយប័ណ្ណកម្មសិទ្ធិនេះជាភស្តុតាងបញ្ជាក់ពីកម្មសិទ្ធិស្របច្បាប់របស់បងប្អូន ហើយត្រូវបានការពារដោយច្បាប់ និងធានាដោយរដ្ឋទៀយផង៕