ព័ត៌មានជាតិ

​ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត លើកឡើងថា សន្តិភាព ជា​ឫសគល់​នៃ​ការ​អភិ​វ​ឌ្ឍ

កំពង់ចាម​៖ ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត តំណាង​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង អមដំណើរ​ដោយ​លោក គួច ចំរើន អភិបាលខេត្ត​កំពង់ចាម បាន​អញ្ជើញ​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ បណ្ណាល័យ​១​ខ្នង ខ្លោងទ្វារ ស្រះ​ទឹក និង​របង​វិទ្យាល័យ ហ៊ុន សែន ព្រៃទទឹង ដែល​ស្ថិត​ក្នុង​ឃុំ​ជ្រៃវៀន ស្រុក​ព្រៃឈរ ខេត្ត​កំពង់ចាម ។​

​លោក កើត រឹ​ទ្ធ តំណាង​អតីត​សិស្ស​វិទ្យាល័យ ហ៊ុន សែន ព្រៃទទឹង បាន​លើកឡើង​ថា មាន​បណ្ណាល័យ​ថ្មី អគារសិក្សា​ថ្មី សិស្សានុសស្សិ​ត្រូវ​ខិតខំ​ប្រឹងប្រែ​ងរៀន​សូត្រ ដើម្បី​ចូលរួម​អភិវឌ្ឍន៍​សង្គម​ជាតិ ហើយ​បណ្ណាល័យ​នេះ​គឺជា​កន្លែង និង​ឃ្លាំង​ចំណេះដឹង អាច​ចូល​សិក្សា​ស្រាវជ្រាវ ពោល​គឺ​អាន​ច្រើន ចេះ​ច្រើន​។

​លោក គួច ចំរើន អភិបាលខេត្ត​កំពង់ចាម បាន​មានប្រសាសន៍ថា បច្ចុប្បន្ន​ប្រទេស​ជាតិ​មាន​សុខសន្តិភាព ធ្វើឱ្យ​វិស័យ​អប់រំ​សិក្សាធិការ​មាន​ការរីកចម្រើន​។ មាន​អគារសិក្សា​ថ្មី បណ្ណាល័យ មាន​សៀវភៅអាន ស្រាវជ្រាវ វា​ជា​ឱកាស​សិក្សា​ល្អ​សម្រាប់​ការស្រាវជ្រាវ​បន្ថែម​។ ទន្ទឹមនឹងនោះ លោក ស្នើសុំ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​យកចិត្តទុកដាក់​លើ​បញ្ហា​គ្រោះរាំងស្ងួត នាពេលខាងមុខ ជាពិសេស​ប្រភពទឹក ដោយ​អាជ្ញាធរ​ខេត្ត ខិតខំ​ជួសជុល និង​ស្តារឡើងវិញ​នូវ អណ្តូង ស្រះ​ទឹក ដោយ​ត្រូវ​សន្សំ​ទឹក ក្នុង​ការប្រើប្រាស់​ប្រចាំ​ថ្ងៃ កុំឲ្យ​មាន​ប្រឈម​គ្រោះរាំងស្ងួត និង​អាកាសធាតុ​មាន​លក្ខណៈ​ក្តៅ​ខ្លាំង អាច​បង្ក​ឲ្យ​កើត​ជា​បញ្ហា​អគ្គិភ័យ​ឆាបឆេះ​ជា​យថាហេតុ​។​

​ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត បាន​អញ្ជើញ​សំណេះសំណាល សាកសួរ​សុខទុក្ខ​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ សិស្សានុសិស្ស លោកគ្រូ​អ្នកគ្រូ ដោយ​ភាពស្និទ្ធស្នាល និង​រីករាយ​បំផុត​។ ឯកឧត្ត​ត្ត​មបាន​បញ្ជាក់បន្ថែម​ថា អាជ្ញាធរ​បាន​យក​ទុកដាក់​យ៉ាងខ្លាំង​លើ​វិស័យ​អប់រំ​។ សុខសន្តិភាព និង​ស្ថិរភាព​សង្គម ជា​ផ្នែក​មួយ​ដ៏​សំខាន់​មិន​អាច​កាត់ថ្លៃ​បាន​សម្រាប់​ការអភិវឌ្ឍ ក្នុងនោះ​រួម​មាន​ការកសាង​សមិទ្ធិផល អគារ ផ្លូវ ស្ពាន​ថ្នល់ ហេដ្ឋារចនាសម្ព័ន្ធ​នានា មាន​ការរីកដុះដាល​ជា​បន្តបន្ទាប់​។​

​ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត ក៏​បាន​អំពាវនាវ​ឱ្យ​រួម​គ្នា​ថែរក្សា​សុខសន្តិភាព ស្ថិរភាព​នយោបាយ​ក្រោម​ការដឹកនាំ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​បាន​ជំរុញ​ឲ្យ​សិស្សានុសិស្ស​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ​ដើម្បី​ក្លាយ​ជា​ទំពាំង​ស្នង​ឬ​ស្សី និង​ក្លាយជា​យុវជន​គំរូ កូន​ល្អ សិស្ស​ល្អ មិត្ត​ល្អ និង​ពលរដ្ឋ​ល្អ​ក្នុង​សង្គម​៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *