ព័ត៌មានសន្តិសុខសង្គម

រថយន្ត២គ្រឿងដែលត្រូវជនសង្ស័យជួលពីខេត្តគៀនយ៉ាង ប្រទេសវៀតណាម មកដាក់បញ្ចាំនៅខេត្តកែវ ត្រូវបានសមត្ថកិច្ចស្រាវជ្រាវរកឃើញ ហើយប្រគល់ជូនទៅម្ចាស់ដើមវិញ

ខេត្តតាកែវ ៖ ដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ និងមានការដឹកនាំបញ្ជាពីសំណាក់ ឯកឧត្តម ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ នៅថ្ងៃព្រហស្បតិ៍ ២កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង ១១៖០០នាទី កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ សហការជាមួយកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តកំពត បានធ្វើការស្រាវជ្រាវ និងដកហូតបានរថយន្តចំនួន ០២គ្រឿង មួយគ្រឿងមានម៉ាក fortuner ពណ៌ទឹកប្រាក់ សេរី២០១៦ ពាក់ផ្លាកលេខ68A-052.41 និងទី២ម៉ាកFortuner ពណ៌ទឹកប្រាក់ សេរីឆ្នាំ២០១៩ ពាក់ផ្លាកលេខ68A-140.07 ពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ត ប្រព្រឹត្តនៅប្រទេសវៀតណាម ដោយជនសង្ស័យមានឈ្មោះ ច្រឹង ធីវី ភេទស្រី អាយុ៣៩ឆ្នាំ រស់នៅខេត្តគៀនយ៉ាង ប្រទេសវៀតណាម បានធ្វើសកម្មភាពជួលរថយន្តទាំង ០២គ្រឿងខាងលើពីឈ្មោះ វី ង៉ុកទៀង ភេទស្រី អាយុ៤២ឆ្នាំ និងឈ្មោះ កាវ វាំងចាំ ភេទប្រុស អាយុ៣៧ឆ្នាំ ទាំង២នាក់រស់នៅខេត្តគៀនយ៉ាង ប្រទេសវៀតណាម មកដាក់បញ្ចាំឱ្យឈ្មោះ ហេង ស្រីវ៉ាន ភេទស្រី អាយុ៤៦ឆ្នាំ និងឈ្មោះ ស្តើង សុខន ភេទស្រី អាយុ៥៣ឆ្នាំ រស់នៅភូមិផ្សារឃុំភ្នំដិន ស្រុកគិរីវង់ ខេត្តតាកែវ ។

បច្ចុប្បន្នរថយន្តទាំង០២គ្រឿង បានប្រគល់ជូនម្ចាស់ដើមវិញ ចំណែកអ្នកទទួលបញ្ចាំ កម្លាំងជំនាញកំពុងធ្វើការសាកសួរ ដើម្បីស្វែងរកចាប់ខ្លួនជនសង្ស័យយកមកផ្តន្ទាទោសតាមច្បាប់ ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *