ព័ត៌មានជាតិ

សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីក្នុងសិក្ខាសា​លា​ស្ដីពី កិច្ចសន្ទនាអន្តរជំនឿសាសនា ដើម្បីសុខដុមនីយកម្ម​សាសនា​នៅកម្ពុជាលើកទី៨

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្ដីពី កិច្ចសន្ទនា​អន្តរជំនឿសាសនា ដើម្បីសុខដុមនីយកម្មសាសនានៅកម្ពុជា លើកទី៨ ក្រោមប្រធានបទ«កិច្ចជំរុញការអនុវត្តសេចក្ដីប្រកាស​រួមលើកទី៧ ស្ដីពីសាសនិកគ្មានគ្រឿងញៀន និងការគោរពច្បាប់​ចរាចរណ៍​ផ្លូវគោក» នាព្រឹកថ្ងៃសុក្រ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅសាលសន្និសីទចតុមុខរាជធានីភ្នំពេញ ដោយមានការ​យាង​និមន្ត និងអញ្ជើញចូលរួមពីសំណាក់សម្ដេចព្រះអគ្គមហា​សង្ឃរាជ​ទាំងពីរគណៈ សម្ដេចព្រះសង្ឃនាយក ព្រះមន្ត្រីសង្ឃគ្រប់ឋានានុ​ក្រម ព្រមទាំងថ្នាក់ដឹកនាំមន្ត្រីរាជការនៃក្រសួងធម្មការ និង​សាសនា តំណាងសាសនានៅកម្ពុជា និងតំណាងអង្គការជាតិ អន្តរជាតិពាក់ព័ន្ធសរុបប្រមាណជាង៩០០អង្គនាក់ផងដែរ។

ឯកឧត្តម ហឹម ឆែម ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងធម្មការ និង​សាសនា បានគូសបញ្ជាក់ថាសិក្ខាសាលានៅថ្ងៃនេះ​គឺជាការ​បង្ហាញឲ្យឃើញថា គ្រប់សាសនាទាំងអស់ពិតជាមានឆន្ទៈ និង​បានចូលរួមយ៉ាងសកម្មនៅក្នុងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បានមានប្រសាសន៍ទៅកាន់អង្គសិក្ខាសាលា ថាសម្តេច​ពិតជារីករាយដែលបានអញ្ជើញចូលរួមបើកសិក្ខាសាលាដ៏មានសារៈសំខាន់នាថ្ងៃនេះ និងបានថ្លែងអំណរគុណចំពោះព្រះរាជវត្តមាន ព្រះវត្តមាន និងវត្តមានអង្គសិក្ខាសាលាទាំងអស់​ដែលបានយាង​និមន្ត និងអញ្ជើញចូលរួម។ សម្ដេចបានមានប្រសាសន៍វាយ​តម្លៃ​ខ្ពស់​ចំពោះក្រសួងធម្មការ និងសាសនា ស្ថាប័នពាក់ព័ន្ធ ព្រមទាំង​ថ្នាក់ដឹកនាំនិកាយសាសនាផ្សេងៗនៅកម្ពុជា ព្រមទាំងសាលារាជ​ធានី​ភ្នំពេញ ដែលបានសហការគ្នារៀបចំសិក្ខាសាលានេះឡើង ដែលជាការផ្ដល់កិត្តយស និងលើកកម្ពស់កិត្យានុភាពនៃសុខដុម​នីយ​កម្ម​សាសនានៅកម្ពុជា និងជាការបង្ហាញការយកចិត្តទុកដាក់​របស់រាជរដ្ឋាភិបាលកម្ពុជាចំពោះសេរីភាពនៃជំនឿសាសនានៅកម្ពុជានៅលើឆាកជាតិ និងអន្តរជាតិ។ សម្ដេចក្រឡាហោមបាន​មាន​ប្រសាសន៍បន្តថា នៅព្រះរាជាណាចក្រកម្ពុជា បានបើកទូលាយនូវ​​សិទ្ធិសេរីភាពខាងសាសនាតាមស្មារតីនៃរដ្ឋធម្មនុញ្ញដោយបានដាក់បញ្ចូលវិស័យសាសនា ទៅក្នុងបាវចនាជាតិ គឺជាតិ សាសនា ព្រះមហាក្សត្រ ដែលជាការបង្ហាញឲ្យឃើញពីការពឹង​អាស្រ័យគ្នា​ទៅវិញ ដើម្បីសុខសន្តិភាពក្នុងសង្គម ជាក់ស្ដែងវិស័យសាសនា​បានចូលរួមអប់រំមនុស្សឲ្យប្រព្រឹត្តអំពើល្អ។

សម្ដេចក្រឡាហោមបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលតែងជំរុញ​លើកទឹកចិត្តគ្រប់សាសនាក្នុងការបដិបត្តិទៅតាមគន្លងសាសនានីមួយៗ ដើម្បីបង្កើនការចូលរួមកសាងអំពើល្អ វាចាកអំពើហិង្សា ការរើសអើង ការបែងចែកជំនឿសាសនា សំដៅទប់ស្កាត់ការ​យកសាសនា ធ្វើជាឧបករណ៍ ឬធ្វើអាជីវកម្មដែលអាចបង្កជាវិបត្តិ ឬភាពចលាចលក្នុងសង្គមកម្ពុជា និងបានជំរុញប្រែក្លាយសក្ដានុ​ពលសាសនានីមួយៗឲ្យទៅជាកម្លាំងចលករក្នុងការជំរុញកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម ព្រមទាំងពង្រឹងសុខសន្តិភាព ថែទាំ​ប្រពៃណីជាតិ និងលើកកម្ពស់តម្លៃសីលធម៌ក្នុងសង្គម។ សម្ដេច​ក្រឡាហោម បានបន្តទៀតថា ការចូលរួមនៅថ្ងៃនេះ គឺជាការ​បង្ហាញយ៉ាងច្បាស់នូវការចូលរួមរបស់គ្រប់សាសនានៅកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ និងការរឹតបន្តឹង​ការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ទៅតាមស្មារតីនៃ​សេចក្ដី​ប្រកាស​រួមស្ដីពី«សាសនិកគ្មានគ្រឿងញៀន និងការគោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក» ដើម្បីជំរុញផ្សព្វផ្សាយឲ្យបានកាន់​តែទូលំទូ​លាយ​អំពីផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀន និងការមិន​គោរពច្បាប់ចរាចរណ៍។

សម្ដេចក្រឡាហោមក៏បានរំលឹកឡើងវិញនូវការអំពាវនាវរបស់ សម្ដេចតេជោទៅកាន់គ្រប់សាសនានៅកម្ពុជា ក្នុងការចូលរួមរក្សា​សន្តិភាព សន្តិសុខ សណ្ដាប់ធ្នាប់សង្គម ចូលរួមអនុវត្តគោល​នយោបាយ ភូមិ-ឃុំមានសុវត្ថិភាព ចូលរួមធ្វើយុទ្ធនាការបំបាត់ និងកាត់បន្ថយការប្រើប្រាស់គ្រឿងញៀន ចូលរួមគោរព​ច្បាប់​ចរាចរណ៍ បន្តសុខដុមនីយកម្មក្នុង​សាសនានីមួយៗ និងយក​ចិត្តទុកដាក់លើការបណ្ដុះបណ្ដាលធនធានមនុស្ស ដើម្បីធានា​ឲ្យសាសនារឹងមាំ និងរីកចម្រើនបន្តទៀត។
សម្ដេច​ក្រឡា​​ហោម បានគូសបញ្ជាក់បន្ថែមថា ការពង្រឹងសន្តិភាព សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ គឺជាកត្តាគ្រឹះដែលមិនអាច​ខ្វះបាន ហើយសម្ដេចពិតជារីករាយបំផុតនៅពេល​បានឃើញ​ពលរដ្ឋ​ចូលរួមជាមួយរាជរដ្ឋាភិបាល ជាក់ស្ដែងថ្មីៗនេះ​ប្រជា​ពលរដ្ឋទូទៅ រាប់ទាំងអ្នកគាំទ្រអតីតគណបក្សប្រឆាំង​មួយ​ចំនួន​ផង បានបង្ហាញការបដិសេធចោលទាំងស្រុង​ចំពោះផែនការ​វិលចូលស្រុកថ្ងៃ៩វិច្ឆិការបស់មេដឹកនាំក្រុមឧទ្ទាមដើម្បីផ្ដួលរំលំរាជរដ្ឋាភិបាល ដែលជាការប៉ុនប៉ងបំផ្លាញសេចក្ដីសុខ​របស់ប្រជា​ពលរដ្ឋ និងសន្តិភាពរបស់ប្រទេសជាតិ។ សម្ដេចក្រឡាហោម ស ខេង បានប្រកាសថ្លែងអំណរគុណប្រជាពលរដ្ឋទាំងអស់ កម្លាំង​សមត្ថកិច្ច និងអាជ្ញាធរដែនដី ដែលបានចូលរួមជាមួយរាជ​រដ្ឋាភិបាលក្នុងការទប់ស្កាត់ផែនការបំផ្លាញសុខសន្តិភាពនោះដោយជោគជ័យ បើទោះបីជាការប្រកាសពីផែនការនោះ និងការ​ចាត់វិធានការណ៍នានារបស់អាជ្ញាធរ បានធ្វើឲ្យ​ពលរដ្ឋខ្លះ​មានក្ដី​ព្រួយ​បារម្ភនៅថ្ងៃដំបូងនៃព្រះរាជពិធីបុណ្យអុំទូក ប៉ុន្តែទីបំផុត​នៅថ្ងៃបន្តបន្ទាប់ពលរដ្ឋមានភាពកក់ក្ដៅ និងបានអញ្ជើញមក​ចូលរួមកំសាន្តសប្បាយយ៉ាងច្រើនកុះករ។ សម្ដេចក៏បានថ្លែង​ការសូមអភ័យទោសប្រជាពលរកខ្មែរនៅតំបន់ព្រំដែនកម្ពុជាថៃចំពោះផលប៉ះពាល់មួយចំនួនដែលកើតចេញពីវិធានការណ៍រឹតបន្តឹងសន្តិសុខ។

សម្ដេចបានថ្លែងអំពាវនាវប្រជាពលរដ្ឋ និងថ្នាក់ដឹកនាំសាសនា​ទាំងអស់ បង្កើនការចូលរួមអប់រំផ្សព្វផ្សាយ និងអនុវត្ត ទិសស្លោក​៣កុំ ១រាយការណ៍ គឺកុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើកលែង និងត្រូវ​រាយ​ការណ៍អំពីបទល្មើសគ្រឿងញៀន ហើយបញ្ហាចរាចរណ៍​ក៏ដូចគ្នា​ដែរ ដោយសម្ដេចបានអំពាវនាវឲ្យ​គ្រប់ភាគីផ្ដល់អាទិភាព​ដល់​ការអនុវត្តច្បាប់ និងបានអំពាវនាវព្រះសង្ឃ និងថ្នាក់ដឹកនាំ​សាសនាទាំងអស់ចូលរួមបញ្ជ្រាបបញ្ហាទាំងនេះនៅពេលសម្ដែងព្រះធម៌ ឬនៅក្នុងកម្មវិធីសាសនានានា៕

គឹមអាន
ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *