ពិធីប្រកាសទទួលស្គាល់ប្រធានកិត្តិយស សមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះសីហនុ និងប្រធានគណ:កម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ នារសៀលថ្ងៃព្រហស្បត្តិ៍ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា អញ្ជើញប្រកាសទទួលស្គាល់ប្រធានកិត្តិយស សមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះសីហនុ និងទទួលស្គាល់ប្រធានគណ:កម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តព្រះសីហនុ នៅសាលាខេត្តព្រះសីហនុ ។

តាមសេចក្តីសម្រេច ស្តីពីការទទួល ស្គាល់ប្រធានកិត្តិយស នៃគណ:កម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះសីហនុ លេខ០៩៦/ស.អ.ក/២០១៩ សម្រេចទទួលស្គាល់ ឯកឧត្តម គួច ចំរើន ជាប្រធានកិត្តិយស ស.អ.ក ខេត្តព្រះសីហនុ ។

សេចក្តីសម្រេចលេខ ៣១៨/តត/ស.អ.ក ស្តីពីការទទួលស្គាល់ ឯកឧត្តម នូវ សំអុល ជាប្រធានគណ:កម្មាធិការ និងជាប្រធានគណ: អចិន្ត្រៃគណ:កម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះសីហនុ។

ឯកឧត្តម នូវ សំអុល ប្រធានគណ: កម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះសីហនុ បេជ្ញាចិត្ត ១.គោរពច្បាប់ បទបញ្ជា លក្ខន្តិក:របស់សមាគមអតីតយុទ្ធជនកម្ពុជា, ២.ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអង្គភាពពាក់ពន្ធ ដើម្បីគាំទ្រឱ្យបានពេញលេញទៅលើជីវភាពរស់នៅក៍ដូចជាអត្ថប្រយោជន៍ស្របច្បាប់នានា របស់សមាជិកសមាគមអតីតយុទ្ធជន, ៣.វន្តបើកប្រាក់មរណ:សង្គ្រោះ និងប្រាក់គោលនយោបាយផ្សេងៗជូនគ្រួសារសពឱ្យបានគ្រប់ចំនួន និងទាន់ពេលវេលា, ៤.យកចិត្តទុកដាក់លើសុខទុក្ខ ដោយតាមដានដោះស្រាយបញ្ហាប្រឈមនានារបស់សមាជិកសមាគមអតីតយុទ្ធជន ដើម្បីឆ្លើយតបតាមគោលនយោបាយរបស់សមាគមអតីតយុទ្ធជនកម្ពុជា, ៥.អនុវត្តតាមអនុសាសន៍ និងសេចក្តីណែនាំរបស់សមាគមអតីតយុទ្ធជនកម្ពុជាថ្នាក់ជាតិ និងជាពិសេសរបស់ថ្នាក់ដឹកនាំតាមឋានានុក្រម ។

ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ និងជាអគ្គ លេខាធិការសមគមអតីតយុទ្ធជន បានកោតសរសើរប្រធានសមាគមចាស់ ដែលបានខិតខំបំពេញការងារទទួលបានលទ្ធផលល្អ ដោយសារសភាពការការងារសន្តិ សុខ សុវត្ថិភាពសាធារណ:ជូនប្រជាពលរដ្ឋនាពេលបច្ចុប្បន្ន ក៍ដូចជាការចូលរួមដោះស្រាយកង្វល់របស់អតីតយុទ្ធជននាពេលកន្លងមក ។ ក្នុងនោះមានអតីតយុទ្ធជន ១៣គ្រួសារ មានដី តែខ្វះផ្ទះស្នាក់នៅ អតីតយុទ្ធជន ៤៨គ្រួសារ គ្មានផ្ទះ គ្មានដី និង ១៣ គ្រួសារ រស់នៅលើដីសាធារណ: ដូច្នេះយើងត្រូវធ្វើការដោះ ស្រាយជូនពួកគាត់ឱ្យបានទាន់ពេលវេលា ព្រោះយើងមានកញ្ចប់ថវិកាក្នុងដៃ ត្រូវធ្វើគម្រោងសាងសង់ និងដោះស្រាយបញ្ហាប្រឈមនានា ។ ចំពោះដី និងផ្ទះដែលរដ្ឋបាលខេត្ត បានធ្វើការប្រគល់ជូនអតីតយុទ្ធជនកន្លងមក ៨០គ្រួសារ នៅស្រុកស្ទឹងហាវ តាមការពិនិត្យជាក់ស្តែង មានអតីតយុទ្ធជនរបស់យើងរស់នៅតែ ៩គ្រួសារ ។ យើងត្រូវធ្វើការពិនិត្យ សិក្សាវាយតម្លៃ ដើម្បីដកផ្ទះ និងដីយកមកចែកជូនអតិតយុទ្ធជនរបស់យើងដែលគ្មានដី ផ្ទះស្នាក់នៅពិតប្រាកដ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការចូលរួមកាត់បន្ថយភាពក្រីក្រ បើពួកគាត់រស់នៅបាន ៥ឆ្នាំ ត្រូវចេញប្លង់កម្មសិទ្ធិជូនគាត់ ។ និងបានស្នើរសុំឱ្យគណ:កម្មាធិការ អាជ្ញាធរស្រុក និងមន្ទីរ អង្គភាពពាក់ពន្ធ បន្តចុះពិនិត្យ ឈ្វេងរកដីសម្បទាសង្គមកិច្ច ដើម្បីចែកជូនអតីតយុទ្ធជនយើងមានប្រមាណជា ១.០០០នាក់ ។

ឯកឧត្តម គួច ចំរើន ប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះ សីហនុ បានបញ្ជាក់ថា នឹងបន្តខិតខំប្រមូលផ្តុំស្វែងរកជំនួយគាំទ្រដល់អតីតយុទ្ធជនខេត្តព្រះសីហនុ និងបន្តរកដីសម្បទាសង្គមកិច្ច ចែកជូនអតីតយុទ្ធជនរបស់យើងស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ៕