កងរាជអាវុធហត្ថខេត្តព្រះសីហនុ សហការជាមួយកម្លាំងតំបន់ប្រតិបត្តិការសឹករងខេត្ត ឃាត់ខ្លួនចិន២នាក់ និងសង្គ្រោះចិនបាន៤នាក់អោយរួចផុតពីកាបង្ខាំងទុកធ្វើទារុណកម្ម

ព្រះសីហនុ៖ នៅវេលាម៉ោង ០៨និង ០០នាទីព្រឹក ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក ឧត្ដមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានដឹកនាំបញ្ជាកម្លាំង កងរាជអាវុធហត្ថ ខេត្ត សហការជាមួយកម្លាំងតំបន់ប្រតិបត្តិការសឹករងខេត្ត និងដោយមានការសម្របសម្រួលផ្លូវច្បាប់ពីលោកព្រះរាជអាជ្ញារង អមសាលាដំបូងខេត្ត កម្លាំងបានចុះបង្ក្រាបករណីបង្ខាំងមនុស្សដោយខុសច្បាប់ និងធ្វើទារុណកម្មលើជនជាតិចិនដូចគ្នា ស្ថិតនៅក្រុមទី២២ ភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្ត ព្រះសីហនុ ដោយបានលទ្ឋផលធ្វើការឃាត់ខ្លួនបានជនសង្ស័យជនជាតិចិនចំនួន ០២នាក់ ភេទប្រុស និងបានជួយសង្រ្គោះជនរងគ្រោះជនជាតិចិនចំនួន ០៤នាក់ ភេទប្រុស ក្នុងនោះផងដែរកម្លាំងបានដកយកវត្ថុតាងមានម៉ាស់បិតមុខ ចំនួន០២, ខ្នោះដៃ ចំនួន០៤, លិខិតឆ្លងដែន ចំនួន០១, អត្តសញ្ញាណប័ណ្ណចិន ចំនួន០១, កាតធនាគារ ចំនួន០២, ប័ណ្ណកាស៊ីណូ ចំនួន១០ និងទូរស័ព្ទដៃ ចំនួន០៦គ្រឿង

បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថកំពុងបន្តនីតិវិធី។