ព័ត៌មានជាតិ

អ្នកតំណាងរាស្ត្រ កំពង់ចាម ឯកឧត្តម ហ៊ុន ណេង សំណេះសំណាល និងផ្ដល់រង្វាន់លើកទឹកចិត្តដល់ចំណុះទូក ឈ្មោះ «ចៅពេជ្រកុមារ បុប្ផាជ្រោយថ្ម»

ខេត្តកំពង់ចាម៖ ឯកឧត្តម ហ៊ុន ណេង អ្នកតំណាងរាស្ត្រ កំពង់ចាម ថ្លែងអំណរគុណ និងជម្រុញការលើកទឹកចិត្តទៅដល់ក្រុមកីឡាករចំណុះទូកទាំងអស់ ខិតខំប្រឹងប្រែងហ្វឹកហាត់បន្តទៀត ដើម្បី ឈានទៅទទួលបានចំណាត់ថ្នាក់ល្អប្រសើរ នាឆ្នាំបន្តបន្ទាប់ ។ ថ្លែងយ៉ាងដូច្នេះ នៅក្នុងឱកាស អញ្ជើញសំណេះសំណាល និងផ្ដល់រង្វាន់លើកទឹកចិត្តដល់ចំណុះទូក ឈ្មោះ «ចៅពេជ្រកុមារ បុប្ផាជ្រោយថ្ម» ដែលពិធីនេះ បានរៀបចំឡើង នៅបរិវេណវត្តសុទស្សនារាមជ្រោយថ្ម ស្ថិតនៅសង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះ ។

អញ្ជើញមានប្រសាសន៍ ទៅកាន់កីឡាករចំណុះទូកទាំងអស់ ឯកឧត្ដម ហ៊ុន ណេង គូសបញ្ជាក់ថា ផ្អែកតាមលទ្ធផល នៃការប្រណាំងទូក គូរពិសេស ក្នុងរយៈពេល ៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអ៊ុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០១៩ នេះ ទូក ចៅពេជ្រកុមារ បុប្ផាជ្រោយថ្ម ទទួលបានចំណាត់ថ្នាក់លេខ ១៦ ។ ឯកឧត្ដម មានប្រសាសន៍ថា តាមប្រវត្តិទូកចៅពេជ្រកុមារ បុប្ផាជ្រោយថ្ម ធ្លាប់បានចូលរួម ក្នុងព្រះរាជពិធីបុណ្យអ៊ុំទូក បណ្ដែតប្រទីប នៅរាជធានីភ្នំពេញ ចាប់ពីឆ្នាំ២០១៥ មក និងបានប្រកួតប្រជែង ទទួលបានចំណាត់ថ្នាក់លេខ ៥ ផងដែរ នៅក្នុងចំណោមគូរពិសេសនោះ ។ ដោយឡែក នាឆ្នាំនេះ ទូកយើង ក៏ស្ថិតនៅក្នុងផែនទូកគូរពិសេស ដូចបណ្ដាឆ្នាំកន្លងទៅដែរ តែយើងទទួលបានចំណាត់ថ្នាក់លេខ ១៦ ។ ទោះយ៉ាងណាក្ដី ទាំងគណៈកម្មការដឹកនាំទូក និងទាំងកីឡាករចំណុះទូក គឺបានប្រឹងប្រែងអស់ពីសមត្ថភាពរៀងៗខ្លួន នោះបើតាមការអង្កេតលើស្ថានភាព នៅពេលប្រកួតម្ដងៗ ក្នុងរយៈពេល ៣ថ្ងៃ នោះ ឃើញថា ក្រុមកីឡាករចំណុះទូក គឺបានព្យាយាមរក្សាល្បឿន នៅកម្រិតថេរល្អណាស់ ។ ដោយឡែក បើយើងពិនិត្យទៅលើលក្ខណៈបច្ចេកទេស គឺយើងមានចំណុចខ្វះខាតបន្តិចបន្តួច ដែលត្រូវតែសិក្សាស្វែងយល់ និងទុកជាបទពិសោធន៍ ដើម្បី ធ្វើការកែលម្អ ផងដែរ ។ ដូច្នេះ សូមឲ្យចំណុះទូកទាំងអស់ កំអស់សង្ឃឹម ត្រូវតែខិតខំព្យាយាម ឲ្យអស់ទាំងប្រាជ្ញា និងស្មារតី ក្នុងការហ្វឹកហាត់អំពីបច្ចេកទេសថ្មីៗ ដើម្បី ឈានទៅទទួលបានចំណាត់ថ្នាក់ ល្អប្រសើរឡើង នៅក្នុងឱកាសចូលរួម ព្រះរាជពិធីបណ្យខាងលើ នាបណ្ដាឆ្នាំក្រោយៗទៀត ។

សូមរំលឹកផងដែរថា ដើម្បី ចូលរួមអបអរសាទរ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅរាជធានីភ្នំពេញ ឆ្នាំ២០១៩នេះ រដ្ឋបាលខេត្តកំពង់ចាម បានបញ្ជូនទូក ចំនួន ៤២ទូក ក្នុងនោះមាន ៖ ទូកអុំបុរស ២៨ទូក ទូកចែវនារី ០១ទូក ចែវបុរស ចំនួន ០១ទូក និងទូកខ្នាតអន្តរជាតិ ចំនួន ១២ទូក រួមជាមួយនឹងក្រុមកីឡាករចំណុះទូកសរុប ចំនួន ២.៩១៦នាក់ ផងដែរ ។ ដោយឡែក ក្នុងចំណោមទូកទាំងអស់នោះ គេសង្កេតឃើញមានទូកគូរពិសេស ចំនួន ១៣ទូក ផងដែរ ។

នាឱកាសជួបសំណេះសំណាលនោះដែរ ឯកឧត្ដម ហ៊ុន ណេង ក៏បានផ្ដល់ការលើកទឹកចិត្ត ដល់ក្រុមកីឡាករចំណុះទូក ទាំងអស់ ដោយម្នាក់ៗ ទទួលបាន អង្ករ ១ប៊េ មី ១កេសតូច ភេសជ្ជៈ ១កេស និងថវិកា ចំនួន ៤០ម៉ឺនរៀល ផងដែរ ។

គួរកត់សម្គាល់ផងដែរថា ជារៀងរាល់ឆ្នាំ ក្រៅអំពីការជាជួយផ្គត់ផ្គង់ ជាស្បៀងអាហារ និងថវិកា សម្រាប់ក្រុមកីឡាករចំណុះទូក ឈ្មោះ «ចៅពេជ្រកុមារ បុប្ផាជ្រោយថ្ម» នាអំឡុងពេលស្នាក់នៅ និងពេលប្រកួត នៅរាជធានីភ្នំពេញ ឯកឧត្ដម ហ៊ុន ណេង តែងរៀបចំពិធីជួបជុំនេះ ដើម្បី ផ្ដល់ការលើកទឹកចិត្តដល់ក្រុមកីឡាករ ដោយពុំដែលអាក់ខាន ផងដែរ ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *