វេទិកាសាធារណៈថ្នាក់ជាតិ ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីគោលនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាល៤ របស់រាជរដ្ឋាភិបាលកម្ពុជា នៅឃុំពពេល ស្រុកសូទ្រនិគម ខេត្តសៀមរាប

ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃចន្ទ ទី២១ ខែតុលា ឆ្នាំ២០១៩ ក្រុមការងារថ្នាក់ជាតិបានប្រារព្ធវេទិកាសាធារណៈថ្នាក់ជាតិ ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីគោលនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាល៤ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមអធិបតីភាព ឯកឧត្ដម ឯក វណ្ណឌី រដ្ឋលេខាធិការធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកសូទ្រនិគម ឯកឧត្តមឧត្តមសេនីយ៍ឯក ប៊ូ ផាន់សារី អគ្គនាយករង អគ្គនាយកដ្ឋានភស្ថុភារនិងហិរញ្ញវត្ថុ អនុប្រធានក្រុមការងារ ឯកឧត្តមឧត្តមសេនីយ៍ឯក ម៉ៅ សេង មេបញ្ជាការរង និងជាស្នងការ ស្នងការដ្ឋានបច្ចេកទេសបញ្ជាការដ្ឋានកងទ័ពជើងអាកាស ជាសមាជិក និងឧត្ដមសេនីយ៍ឯក គង់ មុនី ជាសមាជិក លោកជំទាវ យូ សុភា អភិបាលរងខេត្ត ជាសមាជិក ចូលរួមជាគណៈធិបតី លោកជំទាវ លោក លោកស្រីសមាសភាពក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកសូទ្រនិគម បានចូលរួមជាភ្ញៀវកិត្តិយស ព្រមទាំងមន្ត្រីរាជការតាមបណ្តាការិយាល័យ អង្គភាពចំណុះសាលាស្រុក និងជំនាញជុំវិញស្រុក លោក លោកស្រីក្រុមប្រឹក្សា ស្មៀនឃុំ អង្គការ សង្គមស៊ីវិល ឯកជនអាជីវករ និងប្រជាពលរដ្ឋមកពីបណ្តាឃុំចំនួន៥ឃុំគឺឃុំពពេល ឃុំសំរោង ឃុំតាយ៉ែក ឃុំចាន់ស និងឃុំខ្នារពោធិ​ ដែលប្រារព្ធធ្វើនៅបរិវេណវត្តចេត្រច័ន្ទសុវណ្ណ ហៅវត្តក្រៀល ស្ថិតក្នុងភូមិត្រពាំងត្រុំ ឃុំពពេល ស្រុកសូទ្រនិគម ខេត្តសៀមរាប។

ឯកឧត្ដមគណៈធិបតីបានមានប្រសាសន៍បើកអង្គវេទិកាបានពន្យល់ពីវេទិកាខាងលើនេះពិតជាមានសារៈសំខាន់ណាស់ដល់ក្រុមការងារ និងបងប្អូនប្រជាពលរដ្ឋដើម្បីដោះស្រាយបញ្ហាប្រឈមដែលកើតមានឡើងក្នុងមូលដ្ឋានស្រុក និងពាំនាំនូវបញ្ហា សំណូមពររបស់បងប្អូនប្រជាពលរដ្ឋជូនរាជរដ្ឋាភិបាល បានជ្រាបនិងដោះស្រាយទាន់ពេលវេលាក្នុងករណីបញ្ហានុះលើសដែនសមត្ថកិច្ចរបស់ក្រុមការងារថ្នាក់ជាតិផងដែរ។ វេទិកាខាងលើនេះបានឆ្លើយតបនឹងសំណួរពីបងប្អូនប្រជាពលរដ្ឋដែលបានលើកឡើងក្នុងវេទិកាសំណួរ ចម្លើយ កើតមាននៅក្នុងមូលដ្ឋានស្រុក ដោយបានពន្យល់និងដោះស្រាយបញ្ហាខាងលើភ្លាមៗជូនអង្គវេទិកាទាំងមូលជ្រាប៕