ពិធីបិទវគ្គជំនាញអន្តរាគមន៍ពិសេសវគ្គហ្វឹកហ្វឺនជំនាញអន្តរាគមពិសេស ក្នុងការបង្រ្កាបទប់ទល់បាតុកម្ម និង កូដកម្មជូនដល់កងកម្លាំងនគរបាលខេត្ត សៀមរាប

ខេត្តសៀមរាប៖ ឆ្លងកាត់អស់រយៈពេល ០២សប្តាហ៍ ប្រកបដោយលទ្ធផលជាផ្លែផ្កា កាលពីព្រឹកថ្ងៃទី១៨ ខែ តុលា ឆ្នាំ២០១៩នេះ ត្រូវបានធ្វើពិធីបិទវគ្គជំនាញអន្តរាគមន៍ពិសេសក្រោមអធិបតីភាពរបស់ឯកឧត្តមនាយឧត្តមសេនីយ៍ ហ៊ូ សាគុណ អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោក ពៅ ពិសិដ្ឋ អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប តំណាងឯកឧត្តម ទៀ សីហា អភិបាល នៃគណះអភិបាលខេត្តសៀមរាប បរិវេណអតីតអង្គរឃ្យុងយូ ខេត្តសៀមរាប ។

លោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្ត បានបញ្ជាក់ថា កម្លាំងទាំង៣២០នាក់ ដែលបានចូលមកធ្វើការហ្វឹកហាត់បង្រ្កាបទប់ទល់បាតុកម្ម និង កូដកម្មនេះ មកពីបណ្តាកងអន្តរាគមន៍ ការិយាល័យចំណុះស្នងការខេត្ត និង អធិការនគរបាលក្រុង ស្រុក ដោយមានគ្រូបង្ហាត់មកពីអគ្គស្នងការនគរបាលជាតិ ។ ការហឹ្វកហាត់នេះក៏បាន ចែកជា៣ផែន ដោយផែនទី១ សម្រាប់អន្តរាគមន៍ប្រយុទ្ធ(ពិសេស) ,ផែនទី២ សម្រាប់ជំនួយឲ្យ អន្តរាគមន៍ ពេលហត់នឿយក្នុងការប្រយុទ្ធ និង ផែនទី៣ សម្រាប់ការពារទីតាំង ដឹកស្បៀង ទប់ស្កាត់ហ្វូងបាតិករមិនឲ្យចូល ទីតាំងប្រយុទ្ធ សំខាន់គឺផ្តាច់ស្បៀងបាតុករ រួមទាំងយុទ្ធវិធី និង យុទ្ថសាស្ត្រមួយចំនួនទៀត ។ ក្នុងនោះក៏មានក្រុមរថយន្ត ពន្លត់អគ្គីភ័យ និង ក្រុមគ្រូពេទ្យចូលរួមផងដែរ ។

លោក ពៅ ពិសិដ្ឋ ក៏បានលើកឡើងអំពីជីវប្រវត្តិ នៃការតស៊ូរបស់វរៈយុទ្ធជន យុទ្ធនារី ដើមី្បបុព្វហេតុជាតិមាតុភូមិ ក្រោមព្រះរាជបូជនីយកិច្ច របស់សម្តេចព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ដើមី្បឯករាជ្យ បូរណ ភាពទឹកដី និង ឯកភាពជាតិខ្មែរ ប្រកបដោយព្រះបញ្ញាញាណភ្លឺថ្លាគ្រប់កាលៈទេសៈ រហូតទទួលបាន ឯករាជ្យជាតិ ពីពួកបារាំងសេស ដែលគិតមកដល់ពេលនេះ មានអាយុកាល៦៦ឆ្នាំហើយ ។ ក្នុងនោះលោកក៏បានកោត សរសើរផងដែរ ពីកិច្ចខិតខំយកចិត្តរបស់កងកម្លាំងនគរបាលជាតិ លើការងារការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ និង ភ្ញៀវជាតិអន្តរជាតិ ចូលមកទស្សនាកម្សាន្តនៅខេត្តសៀមរាប ។

លោកអភិបាលរងខេត្ត ក៏បានបញ្ជាក់អំពីមហិច្ឆតារបស់ក្រុមជនអគតិមួយចំនួន ដែលបានចិញ្ចឹមចិត្តប្រឆាំងផ្កាប់មុខ មិនគិតពីសុខទុក្ខរបស់ប្រជាពលរដ្ឋ និងមិនចង់ឲ្យប្រទេសជាតិមានសុខសន្តិភាព និងការរីកចម្រើន គឺពួកទាំងនោះចង់បង្កចលាចល ធ្វើឲ្យប្រទេសជាតិធ្លាក់ក្នុងភ្លើងសង្គ្រាម ជាសំខាន់ក្នុងពេលថ្មីៗនេះ បុគ្គលជនក្បត់ជាតិ សម រង្ស៊ី ដែលហ៊ានប្រមាថដល់ព្រះមហាក្សត្រថែមទៀតផង ។

ឯកឧត្តមនាយឧត្តមសេនីយ៍ ហ៊ូ សាគុណ ក៏បានបញ្ជាក់ ពីគោលបំណងនៃការហ្វឹកហាត់ គឺ ដើម្បីពង្រឹងសមត្ថភាពដល់កម្លាំងនគរបាលទាំងអស់ចំណុះស្នងការខេត្ត ក្នុងការបង្កើននូវកិច្ចការពារ ធានាសន្តិសុខសុវត្ថិភាពនិងសណ្តាប់ធ្នាប់សាធារណៈជូនប្រជាពល រដ្ឋ និង ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិឲ្យបានកាន់តែល្អប្រសើរឡើងថែមទៀត។ ឯកឧត្តមនាយឧត្តមសេនីយ៍អគ្គស្នងការរងនគរបាលជាតិ ក៏បានធ្វើការក្រើនរំលឹកដល់ថ្នាក់ដឹកនាំ និង កងកម្លាំងទាំងអស់ត្រូវបង្កើនការយកចិត្តទុកដាក់ប្រមូលផ្តុំកម្លាំងត្រៀមប្រចាំការ ក្នុងការចេញអន្តរាគមន៍ជួយប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលានៅហេតុការណ៍ ឬមានករណីអ្វីកើតឡើងជាយថាហេតុណាមួយ ។ ម៉្យាង ទៀតកងកម្លាំងទាំងអស់ ក៏ត្រូវបង្កើនកិច្ចការពារថែរក្សានូវសន្តិភាពស្ថេរភាពនិងសន្តិសុខ សុវត្ថិភាពការពាររាជរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោតពីប្រជាពលរដ្ឋ និង ត្រូវធ្វើការត្រួតពិនិត្យ សហការគ្នាឲ្យបានល្អនៅតាមបណ្តាគោលដៅនីមួយៗ ក្នុងភូមិសាស្រ្តដែលទទួលខុសត្រូវក្នុងការការពារនិងបង្ការទប់ស្កាត់បទល្មើស សំដៅរក្សាការពារ និងធានាសន្តិសុខសុវត្តិភាពជូនថ្នាក់ដឹកនាំ និង គណៈប្រតិភូជាន់ខ្ពស់ជាតិអន្តរជាតិ ព្រមទាំងប្រជាពលរដ្ឋ ដោយយកចិត្តទុកដាក់ខ្ពស់ក្នុងការបម្រើសេវាសាធារណៈ នៅក្នុងមូលដ្ឋានជូនប្រជាពលរដ្ឋ ទាំងស្មារតីនិងសម្ភារៈ សំដៅធានាបាននូវសុវត្ថិភាពទាំងផ្លូវកាយនិងផ្លូវចិត្តនិងតម្រូវការរបស់ប្រជាពល រដ្ឋ ជាសំខាន់សូមឲ្យកងកម្លាំងត្រូវវិភាគវាយតម្លៃនូវរាល់សភាពការណ៍សកម្មភាពនិងឧបាយកលចិត្តសាស្រ្តនានា ដែលប៉ុនប៉ងបំផ្លិចបំផ្លាញ ឬការបង្កចលាចលណាមួយដែលធ្វើឲ្យបាត់នូវសណ្តាប់ធ្នាប់ របៀបរៀបរយក្នុងសង្គម ហើយត្រូវមានវិធានការម្ចាស់ការ ដើម្បីវាយបកទប់ស្កាត់និងដោះស្រាយឲ្យបានទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាព ។ ដើម្បីឆ្លើយតបទៅនិងតួនាទីភារកិច្ចដែលបានកំណត់ខាងលើ កងកម្លាំងទាំងអស់ត្រូវមានសាមគ្គីភាពឯកភាពផ្ទៃក្នុង និង កិច្ចសហប្រតិបត្តិការគ្នាល្អ ជាមួយអង្គភាពពាក់ព័ន្ធ ពិសេសដឹកនាំនិងបំផុសចលនាបងប្អូនប្រជាការពារក្នុងមូលដ្ឋាន ចូលរួមចំណែកក្នុងកិច្ចការពារសន្តិសុខ សុវត្ថិភាព ដើម្បីឈានទៅសម្រេចបានស្នាដៃធំៗបន្ថែមទៀត ក្នុងការការពារសន្តិសុខសុវត្ថិភាពនិងសណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋ អង្គភាព និង ជូនជាតិមាតុភូមិកម្ពុជា ៕