លោក យី ថុល ឡើងភ្លែតសំបូររឿងអាស្រូវពុករលួយភ្លាម សង្ស័យមានការបើកភ្លើងខៀវពីលោក ហេង សំបូរ មេគយធំប្រចាំខេត្តកំពត

ខេត្តកំពត ៖ ប្រភពបង្ហើបឲ្យដឹងថា បច្ចុប្បន្នមានឈ្មួញធំៗចំនួន៤រូប បានរកស៊ីយ៉ាងសកម្មក្នុងការនាំចូលទំនិញពីប្រទេសវៀតណាម មកកាន់ប្រទេសកម្ពុជា តាមច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក រួមនិងច្រករបៀងផ្សេងៗទៀត ដែលមានទីតាំងស្ថិតក្នុងស្រុកកំពង់ត្រាច។

ឈ្មួញធំៗទាំង៤រូបនោះត្រូវបានគេស្គាល់ដូចជា ឈ្មោះ វុធ, ឈ្មោះ ធាម, ឈ្មោះ ភឹម និងឈ្មោះ ភ័ក្រ ជាដើមដែលការរកស៊ីរបស់ឈ្មួញទាំង៤រូបនេះត្រូវបានគេដាក់ការសង្ស័យថា អាចរកស៊ីនាំចូលទំនិញគេចពន្ធ ឬទំនិញបង់ពន្ធមិនគ្រប់ដឹកសុទ្ធតែរថយន្តយីឌុបខ្នាតយក្សធំៗ។

ជារៀងរាល់ថ្ងៃគេសង្កេតឃើញមានរថយន្តយីឌុបៗជាច្រើនគ្រឿងរបស់ឈ្មួញធំៗទាំង៤រូបខាងលើ បានឈប់ចតត្រៀបត្រានៅខាងក្រោយ ប៉ុស្តិ៍ច្រកទ្វារព្រំដែន អន្តរជាតិព្រែកចាក ដើម្បីចាំសាងទំនិញដឹកជញ្ជូនបន្តមកកាន់រាជធានីភ្នំពេញ និងតាមគោលដៅផ្សេងៗទៀត។ ហើយរឿងដែលកាន់តែចាប់អារម្មណ៍នោះគឺ ទំនិញដែលឈ្មួញដឹកជញ្ជូនចូលពីប្រទេសវៀតណាម ត្រូវបានគេយកមកគរទុកចោល ហាលថ្ងៃ ហាលភ្លៀង គ្មានការទុកដាក់ឲ្យបានត្រឹមត្រូវដើម្បីថែរក្សានូវគុណភាព ជាពិសេសគឺ គ្មានការត្រួតពិនិត្យ ពីមន្ត្រីជំនាញគយនៅទីនោះ ដែលគ្រប់គ្រងដោយលោក យី ថុល នៅពេលឈ្មួញបានធ្វើការនាំចូលមកចែកចាយលក់លើទីផ្សារក្នុងប្រទេសកម្ពុជា ដែលកក្តាទាំងនេះអាចបង្កឲ្យប៉ះពាល់ទៅដល់សុខភាពអ្នកទទួលទាន។

ចំពោះទំនិញដែលឈ្មួញធ្វើការចូលតាមច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាកមានដូចជា ប្រេងសណ្តែក មី រួមនិងមុខទំនិញផ្សេងៗជាច្រើនថែមទៀតផងដែរ។

មានការលើកឡើងថា មូលហេតុដែលក្រុមឈ្មួញខាងលើអាចដំណើរការរកស៊ីរបស់ខ្លួនបានយ៉ាងរលូនដូច្នេះ ក៏អាចមានការបើកភ្លើងខៀវ និងឃុបឃិតគ្នាពីលោក យី ថុល ប្រធានស្នាក់ការគយ និងរដ្ឋាករ ច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក ហើយនិងលោក ហេង សំបូរ ប្រធានសាខាគយ និងរដ្ឋាករខេត្តកំពតផងដែរ។

បើតាមប្រភពពីប្រជាពលរដ្ឋមួយចំនួនរស់នៅក្បែរៗច្រកព្រំដែនក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះបាននិយាយថា ចំពោះមុខទំនិញដែលឈ្មួញធ្វើការនាំចូលមានដូចជា ប្រេងឆា មី រួមនិងទំនិញផ្សេងៗជាច្រើនមុខទៀតផងដែរ។

ទោះជាយ៉ាងណាក្តីលោក យី ថុល ប្រធានស្នាក់ការគយ និងរដ្ឋាករ ច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក មិនអាចស្វែងរកសុំការបំភ្លឺបានទេ ព្រោះទូរស័ព្ទខលចូលជាច្រើនដងតែមិនលើក៕