ព័ត៌មានជាតិ

​ក្រសួង​ព័ត៌មាន រៀបចំ​ពិធី​អបអរសាទរ ទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក ឆ្នាំ​២០១៩ ប្រធានបទ «​តួនាទី​ប្រកបដោយ​សក្តានុពល​របស់​សារព័ត៌មាន ក្នុង​ការគាំទ្រ​សន្តិភាព និង​ប្រជាធិបតេយ្យ​»

(​ភ្នំពេញ​)៖ ក្រសួង​ព័ត៌មាន សហការ​ជាមួយ​អង្គការ USAID ប្រចាំ​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​០៣ ខែ​ឧសភា ឆ្នាំ​២០១៩​នេះ រៀបចំ​ពិធី​អបអរសាទរ ទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក ឆ្នាំ​២០១៩ ក្រោម​ប្រធានបទ «​តួនាទី​ប្រកបដោយ​សក្តានុពល​របស់​សារព័ត៌មាន ក្នុង​ការគាំទ្រ​សន្តិភាព និង​ប្រជាធិបតេយ្យ​»​។​

​ពិធី​នេះ​ត្រូវបាន​ធ្វើឡើង​ក្រោម​អធិបតីភាព លោក ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន និង​មាន​ការចូលរួម​ពី លោក Sardar Umar Alam តំណាង​អង្គការ USAID ប្រចាំ​កម្ពុជា​, លោក Andreas Johansson លេខា​ទី​១ នៃ​ស្ថានទូត​ស៊ុយ​អ៊ែត ប្រចាំ​កម្ពុជា ព្រម​ទាំង​អ្នកសារព័ត៌មាន​ជាតិ អន្ដរជាតិ​ជាច្រើន​រូប​ទៀត​ផង​ដែរ​។​

​គួរ​ជម្រាប​ថា ក្នុង​ថ្ងៃ​អបអរសាទរ​ទិវា​សេរីភាព​សារព័ត៌មាន​សាកលលោក​៣​ឧសភា លើក​ទី​២៦​នេះ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ក្រើនរំលឹក​ដល់​អ្នកសារព័ត៌មាន​ទាំងអស់​ត្រូវ​ស្មោះត្រង់​ក្នុង​វិជ្ជាជីវៈ ក្លាហាន​ហ៊ាន​និយាយ​ការពិត រិះគន់​ក្នុង​ន័យ​ស្ថាបនា និង​ត្រូវ​ធ្វើ​ជា​កញ្ចក់​ឆ្លុះបញ្ចាំង​ឧ្យ​ឃើញត​ភាព​សង្គម ដើម្បី​ជួយ​កសាង​យុត្តិធម៌​សង្គម រក្សា​សុខ​សន្តិភាព និង​អភិវឌ្ឍ​ប្រទេសជាតិ​។​

​សម្តេច​តេជោ ហ៊ុន សែន ក៏​បាន​ទទូច​ឱ្យ​អ្នកសារព័ត៌មាន​ត្រូវ​បន្ត​ខិតខំ​អភិវឌ្ឍ​ខ្លួន​ឲ្យមាន​សមត្ថភាព​ក្នុង​ការវិភាគសភា​ពកា​រណ៍​ទាំង​ព្រឹត្តិការណ៍​ជាតិ និង​អន្តរជាតិ​ឲ្យបាន​ស៊ីជម្រៅ ដើម្បី​ដើរ​ទាន់​ការវិវឌ្ឍ​សភាពការណ៍​ទាំង​នៅក្នុង​ប្រទេស នៅក្នុង​តំបន់ និង​នៅលើ​សកលលោក​នាពេល​បច្ចុប្បន្ន​។​

​ព័ត៌មាន​ក្លែងក្លាយ​ជា​ប្រធានបទ​ដ៏​ព្រួយបារម្ភ​មួយ​របស់​ពិភពលោក​លើ​វិស័យ​ព័ត៌មាន​ក្នុង​យុគសម័យ​ឌីជីថល​នេះ​។ សម្តេច​តេជោ ហ៊ុន សែន ក៏​បាន​អំពាវនាវ​ឱ្យ​អ្នកសារព័ត៌មាន​រួម​គ្នា​ប្រយុទ្ធប្រឆាំង​ទៅ​នឹង​ព័ត៌មាន​ក្លែងក្លាយ​ដែល​បង្កឡើង​ដោយ​ជន​អគតិ​មួយចំនួន ដើម្បី​បំរើ​មហិច្ឆតា​លោភលន់​របស់ខ្លួន ដែល​កំពុង​តែ​គំរាមកំហែង​សុខសន្តិភាព ប្រជាធិបតេយ្យ និង​ការអភិវឌ្ឍ​នៅលើ​សកលលោក​ទាំងមូល​៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *