ព័ត៌មានជាតិ

ពិធី​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​សុខាភិបាល​ឆ្នាំ​២០១៨ និង​លើក​ទិសដៅ​អនុវត្តន៍​បន្ត​ឆ្នាំ​២០១៩ របស់​មន្ទីរ​សុខាភិបាល ខេត្ត​កំពត​

(​ខេត្ត​កំពត​)៖ សន្និបាត​បូកសរុប​លទ្ធផល​ការងារ​សុខាភិបាល​ឆ្នាំ​២០១៨ និង​លើក​ទិសដៅ​ផែនការ​អនុវត្តន៍​បន្ត​ឆ្នាំ​២០១៩ របស់​មន្ទីរ​សុខាភិបាល ខេត្ត​កំពត ត្រូវបាន​រៀបចំ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ពុធ ៧​រោច ខែ​ផល្គុន ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២៧ ខែ​មីនា ឆ្នាំ​២០១៩ ក្រោម​អធិបតីភាព លោក ញ៉ែម សូ​ភឿន អនុរដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល អមដំណើរ​ដោយ​សហការី​ចំណុះ​រដ្ឋបាលខេត្ត កងកម្លាំងប្រដាប់អាវុធ​ទាំងបី និង​មន្ត្រី​ចំណុះ​ក្នុង​ជួរ​អង្គភាព​ទាំងមូល​។​

​តាម​របាយការណ៍​របស់ លោក​វេជ្ជបណ្ឌិត ញា ប៊ុនថន ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​កំពត បានឲ្យដឹងថា វិស័យ​សុខាភិបាល ជា​ជ្រុង​មួយ​នៃ​យុទ្ធសាស្ត្រ​ចតុកោណ និង​មាន​ការយកចិត្តទុកដាក់​ខ្ពស់​ពី​សំណាក់​រាជរដ្ឋាភិបាល ក្នុង​ការផ្តល់​លទ្ធភាព​ដល់​ក្រសួង​សុខាភិបាល ក៏ដូចជា​មន្ទីរ​សុខាភិបាល បាន​អនុវត្ត​នូវ​គោលនយោបាយ ក្នុង​ការកាត់បន្ថយ​អត្រា​ឈឺ​និង​ស្លាប់ របស់​មាតា​-​កុមារ ព្រមទាំង​ជំងឺឆ្លង​-​ជំងឺមិនឆ្លង និង​កត្តា​គ្រោះ​ថ្នាក់​នានា ដូចជា​គ្រោះ​ទឹកជំនន់ និង​គ្រោះមហន្តរាយ​ជាដើម​។​

​លោក​វេជ្ជបណ្ឌិត​បាន​បញ្ជាក់​ទៀតថា ក្រោម​ការចង្អុលបង្ហាញ​ពី​ក្រសួង​សុខាភិបាល និង​មាន​ការណែនាំ​ផ្ទាល់ ពី​សំណាក់​ថ្នាក់ដឹកនាំ​ខេត្ត និង​មាន​កិច្ច​សហ​ប្រតិ​ប​តិ្ត​ការ​ជាមួយ​បណ្តា​មន្ទីរ​-​អង្គភាព​ពាក់ព័ន្ធ​និង​អង្គការ​ដៃគូ​អភិវឌ្ឍ​នានា​ក្នុង​ខេត្ត​កំពត បាន​ធ្វើ​ឲ្យ​មន្ទីរ​សុខាភិបាល មាន​ឱកាស​និង​លទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការផ្តល់​សេវា​សុខាភិបាល​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព និង​ប្រសិទ្ធ​ផល ក្នុង​ការសម្រេចបាន​នូវ​អត្រា​គ្របដណ្តប់​ខ្ពស់​និង​កាត់បន្ថយ​បាន​អតិបរិមា​នូវ​អត្រា​ស្លាប់​របស់​មាតា​-​ទារក​និង​កុមារ​,​ការឈឺ​និង​ស្លាប់​ដោយសារ​ជំងឺឆ្លង សំដៅ​ឆ្លើយតប​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ស្ថេរភាព​។​

​ថ្លែង​ក្នុង​ឱកាស​បើក​សន្និបាត លោក ញ៉ែម សូ​ភឿន អនុរដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល បានបញ្ជាក់​ថា ដើម្បី​ចូលរួម​លើកកម្ពស់​ការអនុវត្ត​ន៍​នូវ​យុទ្ធសាស្ត្រ​ចតុកោណ​សី​ុ​ជម្រៅ​ដំណាក់កាល​ទី​៤ របស់​រាជរដ្ឋាភិបាល​និង​ដើម្បី​កែលម្អ​សូ​ចនករ​សុខភាព​សំខាន់ៗ​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​ថែមទៀត ស្របតាម​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​២០១៤-២០១៨ របស់​រាជរដ្ឋាភិបាល​កម្ពុជា​នីតិកាល​ទី​៦ នៃ​រដ្ឋសភា​ជាតិ​កម្ពុជា ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​របស់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​មាន​ចក្ខុវិស័យ​វែងឆ្ងាយ និង​ត្រឹមត្រូវ​សម្រាប់​ការអភិវឌ្ឍ​ប្រទេសជាតិ និង​បាន​ធ្វើឲ្យ​មាន​វឌ្ឍនភាព​ជាច្រើនដូច​ជា​៖ ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ត​,​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ ស្ថេរភាព​នយោបាយ​, ទេសចរណ៍ ,​ការអភិវឌ្ឍ​ធនធានមនុស្ស ជាពិសេស​នៅពេល​ថ្មីៗ​នេះ​រាជរដ្ឋាភិបាល​បាន​អនុវត្ត​សម​ហ​រកម្ម កាន់តែ​សី​ុ​ជម្រៅ​ទៅ​ក្នុង​តំបន់ និង​ពិភពលោក​លើ​ការផ្តល់សេវា​សាធារណៈ​លើកកម្ពស់​ស្ថានភាព​សុខភាព​ប្រជាជន​កម្ពុជា ពិសេស​សុខភាព​ស្ត្រី​, កុមារ និង​ប្រជាជន​ក្រីក្រ ដោយ​បាន​ដាក់ចេញ​នូវ​គោលនយោបាយ​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​និង​មូលនិធិ​សមធម៌​សុខាភិបាល​៕

 

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *