ព័ត៌មានជាតិ

ប្រតិភូគណ:កម្មការទី១ នៃព្រឹទ្ធសភា ឈ្វេងយល់ពីការអភិវឌ្ឍ និងបញ្ហាប្រឈមខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ នាព្រឹកថ្ងៃចន្ទ ៣រោជ ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តម ខៀវ មុត ប្រធានស្តីទីគណ:កម្មការទី១ នៃព្រឹទ្ធសភា ដឹកនាំគណៈប្រតិភូឈ្វេងយល់ពីការអភិវឌ្ឍ និងបញ្ហាប្រឈមរបស់ខេត្តព្រះសីហនុ នាពេលបច្ចុប្បន្ន និងពិភាក្សាការងារជាមួយរដ្ឋបាលខេត្តព្រះសីហនុ នៅ សាលាខេត្តព្រះសីហនុ ។

លោក ម៉ាង ស៊ីណេត អភិបាលស្តីទី នៃគណ:អភិបាលខេត្តព្រះសីហនុ បានជំរាបជូនពីសក្តានុពលខេត្តព្រះសីហនុ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច រួមមាន ឧស្សាហកម្ម កសិកម្ម ពាណិជ្ជកម្ម សំណង់ ដែលជាវិស័យគោលដៅធ្វើឱ្យខេត្តមានការអភិវឌ្ឍខឿនសេដ្ឋកិច្ច រួមមានកំពង់ផែទឹកជ្រៅ តំបន់សេដ្ឋកិច្ចពិសេស ព្រលានយន្តហោះអន្តរជាតិ និងឆ្នេរសមុទ្រដ៏ស្រស់ស្អាត ជាប្រភពសក្តានុពល និងធនធានធម្មជាតិ បាននឹងកំពុងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចខេត្ត ឱ្យមានភាពរីកចម្រើនជាលំដាប់ ។ រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុក និងប្រកាសប្រែក្លាយខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ស្របតាមគោលនយោបាយអភិវឌ្ឍវិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥ ។ ខេត្ត មានតំបន់សេដ្ឋកិច្ចចំនួន៩ ក្នុងនោះ៥ កំពុងដំណើរការ មានរោងចក្រធំ តូច ២១១កន្លែង សិប្បកម្មចំនួន ១.០៣៧កន្លែង និងអាជីវកម្មផ្សេងៗជាច្រើនទៀត ស្រូបយកកម្លាំងពលកម្មចំនួន ៩១.០៨៩នាក់ ស្រី ៤១.២៥៩ នាក់ ក្នុងនោះពលកម្មបរទេស ២៨.៨០៩នាក់ ។ បច្ចុប្បន្នវិនិយោគចិន ឋិតនៅលំដាប់លេខ១ មករកស៊ី និងវិនិយោគលើវិស័យឧស្សាហកម្ម ពាណិជ្ជកម្ម ដឹកជញ្ជូន សំណង់ និងទេសចរណ៍ ។ លោកអភិបាលស្តីទី បានជម្រាបជូនអំពីបញ្ហាប្រឈមនាពេលបច្ចុប្បន្នមានដូចជា ផ្លូវ ទឹក ភ្លើង និងធនធានមនុស្ស ដោយសារខេត្តព្រះសីហនុ មានការអភិវឌ្ឍលូតលាស់លើវិស័យសំណង់ ម្យ៉ាងទៀតពាក់ព័ន្ធលូ អូ ប្រឡាយ ចរាចរណ៍ នាពេលបច្ចុប្បន្ន ទឹកស្អាត មិនទាន់ឆ្លើយ តបតាមតម្រូវការរបស់ប្រជាពលរដ្ឋ ១០០ភាគរយ រដ្ឋបាលខេត្តកំពុងធ្វើការដោះស្រាយបញ្ហាប្រឈមទាំងនេះ ។ រាជរដ្ឋាភិបាលបានទំលាក់ថវិកា ២០០លាន ដុល្លា លើគម្រោងស្ថាបនា ស្តារប្រព័ន្ធលូ និងហេដ្ឋារចនាសម្ពន្ធ័ផ្លូវថ្នល់ ២២ខ្សែ ក្នុងក្រុងព្រះសីហនុ តាមលក្ខណបច្ចេកទេស ស្តង់ដារ ចាក់បេតុង ឆ្អឹងដែក កម្រាស់ ០.២៥ម៉ែត្រ និងមានផ្លូវថ្នើរជើង និងដាំដើមឈើអមសងខាងផ្លូវ ដើម្បីសោភ័ណភាព និងការប្រើ ប្រាស់បានយូរ ។

ឯកឧត្តម ខៀវ មុត ប្រធានស្តីទីគណៈកម្មការទី១ នៃព្រឹទ្ធសភា មានប្រសាសន៍ថា ប្រតិភូមកបំពេញទស្សនកិច្ចខេត្តព្រះសីហនុ ដើម្បីឈ្វេងយល់ពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ពិរុទ្ធជននៅតាមពន្ធនាគារ ប្រព័ន្ធតុលាការ និងកង្វល់ប្រជាពលរដ្ឋនៅតាមឃុំ សង្កាត់ បញ្ហាប្រឈម និងការអភិវឌ្ឍនៅតាមមូលដ្ឋាន ។ តួនាទី របស់ព្រឹទ្ធសភា គឺទី១ ការអនុវត្តច្បាប់ ទី២ ការត្រួតពិនិត្យច្បាប់ និងទី៣ តំណាងឱ្យក្រុមប្រឹក្សាឃុំ សង្កាត់ និងប្រជាពលរដ្ឋ ព្រមទាំងប្រមូលពត៌មាន ដើម្បីពាំនាំកង្វល់ និងបញ្ហាប្រឈមនានា ដើម្បីរាយការណ៍ជូនប្រធានព្រឹទ្ធសភា ។

ក្នុងឱកាសនោះ ឯកឧត្តម ក៏បានកោតសរសើរថ្នាក់ដឹកនាំខេត្ត ក្រុង ឃុំ សង្កាត់ ដែលបានអនុវត្តការងារល្អ នឹងបន្តពង្រឹងការដោះស្រាយបញ្ហានានា ក្រុមប្រឹក្សាឃុំ សង្កាត់ ដែលជាភ្នែកច្រមុះ និងជាសេនាធិការឱ្យរដ្ឋបាលក្រុង ខេត្ត និងរាជរដ្ឋាភិបាល បន្តពង្រឹងអភិបាលកិច្ចល្អនៅតាម ឃុំ សង្កាត់ ស្របតាមគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ។

ឯកឧត្តមសង្ឃឹមថា ខេត្តព្រះសីហនុនឹងក្លាយទៅជាតារារះនាទិសនិរតី ក្នុងការអភិវឌ្ឍឈានមុខគេក្នុងព្រះរាជាណាចក្រកម្ពុជា ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *