រដ្ឋមន្រ្តីក្រសួងទេសចរណ៍រំពឹងថា ភ្ញៀវ៥០ម៉ឺននាក់ នឹងមកលេងបុណ្យទន្លេនៅខេត្តកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបង្ហាញការរំពឹងទុកថា នឹងមានភ្ញៀវទេសចរ៥០ម៉ឺននាក់ ចូលរួមទស្សនាកម្សាន្តក្នុងពិធីបុណ្យទន្លេលើកទី៥ ដែលនឹងប្រព្រឹត្តទៅនៅក្នុងទឹកដីខេត្តកំពង់ឆ្នាំង ចាប់ពីថ្ងៃទី១៥-១៧ ខែមីនា ឆ្នាំ២០១៩ ខណៈគណៈកម្មការអន្តរក្រសួងដើម្បីរៀបចំពិធីបុណ្យបានរៀបចំកិច្ចការងាររបស់ខ្លួនរួចជាស្រេចហើយ ក្នុងការស្វាគមន៍វត្តមានប្រជាពលរដ្ឋ និងភ្ញៀវទេសចរមកពីគ្រប់ទិសទី។

ពិធីបុណ្យទន្លេលើកទី៥នេះ ធ្វើឡើងក្រោមប្រធានបទ «ទន្លេ ៖ ផ្សារភ្ជាប់សន្តិភាព ប្រជាជន និងទេសចរណ៍» ហើយនឹងប្រព្រឹត្តទៅក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផងដែរ។

ការងារត្រៀមរៀបចំបុណ្យទន្លេនេះ បានឆ្លងកាត់ការប្រជុំត្រួតពិនិត្យជាច្រើនលើក ដើម្បីរៀបចំព្រឹត្តិការណ៍ទេសចរណ៍ដ៏ធំប្រចាំឆ្នាំនេះ ឱ្យប្រព្រឹត្តទៅដោយភាពរលូន ប្រកបដោយភាពអធិកអធ័ម។ តួយ៉ាងនាថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩នេះ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រួមជាមួយលោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង និងលោកស្រី ដោក សទ្ធា ប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង បានដឹកនាំមន្ត្រីរាជការក្រោមឱវាទ បើកកិច្ចប្រជុំត្រួតពិនិត្យការងារត្រៀមរៀបចំចុងក្រោយ។

ក្នុងកិច្ចប្រជុំខាងលើ លោករដ្ឋមន្ត្រី ថោង ខុន បានសង្កត់ធ្ងន់អំពីការពង្រឹងសុវត្ថិភាពទូទៅ សុវត្ថិភាពចរាចរណ៍ សន្តិសុខសណ្ដាប់ធ្នាប់ក្នុងពិធី និងទូទាំងក្រុងកំពង់ឆ្នាំង ពិសេសគឺត្រូវសម្រួលចរាចរណ៍ និងថែរក្សាសុវត្ថិភាពជូនប្រជាពលរដ្ឋ ថ្នាក់ដឹកនាំ និងគណៈអធិបតីឱ្យបានល្អប្រសើរ។ ទន្ទឹមនោះលោករដ្ឋមន្រ្តីក៏បានណែនាំឱ្យក្រុមការងារបន្ថែមការតុបតែងភ្លើងលម្អ នៅកន្លែងមួយចំនួនទៀត ពិសេសភ្លើងលម្អនៅតាមដើមឈើ ទីសាធារណៈជាដើម ខណៈការតុបតែងលម្អនៅកន្លែងនានា ក្រុមការងារក៏បានខិតខំធ្វើយ៉ាងល្អប្រសើរមកហើយដែរ។