Right Top ព័ត៌មានជាតិ

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ”ស្ត្រីនៅតែជាដៃគូមិនអាចខ្វះបាន ក្នុងដំណើរការអភិវឌ្ឍន៍ជាតិ”

ភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលើកឡើងថា ស្ត្រីនៅតែជាដៃគូមិនអាចខ្វះបានជាមួយបុរសក្នុងការចូលរួម ចំណែកយ៉ាងសំខាន់ក្នុងដំណើរការអភិវឌ្ឍន៍ជាតិមាតុភូមិដែលបានស្តែងឡើង តាមរយៈសមត្ថភាពដឹកនាំនៅតាមបណ្តាស្ថាប័ន,ក្រសួង រដ្ឋបាល ថ្នាក់ក្រោមជាតិអង្គភាពរដ្ឋ និងឯកជនជាពិសេសក្រុមប្រឹក្សាជាតិដើម្បីស្ត្រីនិងកាកបាទក្រហមកម្ពុជាផងដែរ។

ការលើកឡើងបែបនេះ ខណៈដែលលោកអញ្ជើញក្នុងពិធីជួបជុំ សំណេះសំណាលអបអរសាទរខួបលើកទី១០៨ ទិវាអន្តរជាតិនារី៨មិនា ក្រោមប្រធានបទ «លើកកំពស់សមភាពយេនឌ័រ និងការគាំពារសង្គមដើម្បីអភិវឌ្ឍន៍ធនធានមនុស្ស» ដែលបានធ្វើឡើងនៅរដ្ឋបាលរាជធានីភ្នំពេញនាព្រឹកថ្ងៃទី៦មីនាម្សិលមិញ។ ទន្ទឹមនោះលោកក៏បានជំរុញឲ្យបងប្អូននារីខិតខំបង្កើនសមត្ថភាពដើម្បីទទួលបានទំនុកចិត្តក្នុងការងារ។

លោក ឃួង ស្រេង មានប្រសាសន៍បន្ថែមថា ៖ ប្រធានបទ លើកកម្ពស់សមភាពយេនឌ័រ និងការគាំពារសង្គមដើម្បីអភិវឌ្ឍន៍ធនធានមនុស្ស មានគោលបំណងបន្តអនុវត្តគោលនយោបាយសមភាពយេនឌ័រ និងការគាំពារសង្គមដែលជាចក្ខុវិស័យសំរាប់កសាងប្រទេស ត្រូវបានច្របាច់បញ្ចូលជាអាទិភាពរួមក្នុងការសំរេចបានកិច្ចអភិវឌ្ឍន៍ធនធានមនុស្ស ហើយបានបញ្ជាក់យ៉ាងច្បាស់ថា ការលើកកំពស់យេនឌ័រការពង្រឹងភាពអង់អាចរបស់ស្ត្រី និងក្មេងស្រី និងការគាំពារសង្គមគឺពិតជាមានទំនាក់ទំនងគ្នាយ៉ាងជិតស្និត។

លោកបញ្ជាក់ថា នេះបង្ហាញកាន់តែច្បាស់ពីការយកចិត្តទុកដាក់គាំពារ ថែរក្សាលើកទឹកចិត្ត និងផ្តល់តំលៃខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ជូនដល់បងប្អូននារីដែលជាដៃគូមិនអាចខ្វះបានក្នុងដំណើរការអភិវឌ្ឍន៍ជាតិមាតុភូមិគ្រប់សម័យកាល។  ជាមួយនឹងការជូនបាច់ផ្កាដល់ថ្នាក់ដឹកនាំជានារីដើម្បីសំដែងការគោរពស្រឡាញ់នោះរដ្ឋបាលរាចធានីភ្នំពេញក៏បានផ្តល់កាដូជាទឹកប្រាក់ដល់បងប្អូននារីទាំង២៦០នាក់ក្នុងម្នាក់ចំនួន៣០ម៉ឺនរៀលផងដែរ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *