កិច្ចប្រជុំ​ផ្សព្វផ្សាយ​ឯកសារ​គតិយុត្តិ ស្តី​ពី​ការពង្រឹង​សណ្តាប់ធ្នាប់​សាធារណៈ សុវត្ថិភាព ក្នុង​ការគ្រប់គ្រង​ក្រុមហ៊ុន​សំណង់ ខេត្ត​កែប​

(​ខេត្ត​កែប​)៖ កិច្ចប្រជុំ​ផ្សព្វផ្សាយ​ឯកសារ​គតិ​យុ​តិ្ត ស្តី​ពី​ការពង្រឹង​សណ្តាប់ធ្នាប់​សាធារណៈ សុវត្ថិភាព ក្នុង​ការគ្រប់គ្រង​ក្រុមហ៊ុន​សំណង់ ខេត្ត​កែប ត្រូវបាន​រៀបចំ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែ​មីនា ឆ្នាំ​២០១៩ ក្រោម​វត្តមាន លោក ឆាន់ សូរ្យ​ផល អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​សំណង់ ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ និង​លោក ព្រំុ គន្ធិ អភិបាលរង​ខេត្ត តំណាង​ដ៏​ខ្ពង់ខ្ពស់ លោក កែ​ន សត្ថា អភិបាល នៃ​គណៈ​អភិបាលខេត្ត​កែប ព្រមទាំង​អស់លោក​ជា​ប្រធាន អនុប្រធាន​មន្ទីរ​អង្គភាព​ជំនាញ​ទូទាំង​ខេត្ត និង​មន្ត្រី​ផ្នែក​ជំនាញ​ក្រុង ស្រុក​ផង​ដែរ​។​

​យោងតាម​របាយការណ៍ របស់លោក វ៉ៅ សុខា ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត​កែប បានឲ្យដឹងថា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ វិស័យ​សំណង់​មានការ​រី​ចម្រើន​គួរឲ្យកត់សម្គាល់ ដូចជា​ផ្ទះសំណាក់ សណ្ឋាគារ បឹង​ហ្គា​ឡូ​វ ភោជនីយដ្ឋាន និង​សំណង់​សិល្បៈ​ផ្សេងៗ​ទៀត​។ ដោយឡែក ក្នុង​ឆ្នាំ​២០១៨ និង​ដើមឆ្នាំ​២០១៩​នេះ គម្រោង​ប្លង់​ស្នើសុំ​លិខិតអនុញ្ញាត​សាងសង់​ចំនួន​១១​គម្រោង ក្នុងនោះ​មាន​អគារ​ស្នាក់​រួម​០១​គម្រោង សណ្ឋាគារ​០១​គម្រោង ស្ថានីយ៍​ប្រេងឥន្ធនៈ ០១​គម្រោង ផ្ទះសំណាក់​០២​គម្រោង ភូមិគ្រឹះ​០១​គម្រោង ផ្ទះល្វែង​០១​គម្រោង បឹង​ហ្គា​ឡូ​វ ០១​គម្រោង លំនៅឋាន ០១​គម្រោង និង​ទទួល​ចុះបញ្ជី​ក្រុម​ជាងសំណង់​ចំនួន​០១​ក្រុម​ផងដែរ​។​

​លោក ព្រុំ គន្ធិ អភិបាលរង​ខេត្ត​កែប បាន​លើកឡើង​ថា វិស័យ​សំណង់​បាន​រីកដុះដាល និង​កើនឡើង​ច្រើន​គួរឲ្យកត់សម្គាល់ ជា​ពិសេស​មាន “​អគារ​ពហុ​មុខងារ និង​ខុន​ដូរ​” ជា​លើក​ដំ​ដូង និង​មាន​សណ្ឋាគារ​ចាប់ពី​៥​ជាន់​ឡើងទៅ ព្រម​ទាំង​គម្រោង​បឹង​ហ្គា​ឡូ​វ ភូមិគ្រឹះ និង​លំនៅឋាន​ជា​បន្តបន្ទាប់​។ លោក​អភិបាលរង​ខេត្ត​បាន​បញ្ជាក់ទៀតថា បញ្ហា​ទាំងនេះ រដ្ឋបាលខេត្ត​មាន​ការព្រួយបារម្ភ​ចំពោះ​សំណង់​ទាំងឡាយ​ដែល​បាន​សាងសង់​រួច កំពុងដំណើរការ ឬ​មិន​ទាន់​ដំណើរការ ជៀសវាង​ការប៉ះពាល់​ដល់​សោភ័ណភាព​ទីក្រុង គុណភាព​សំណង់​ផ្សារ​ភ្ជាប់​នឹង​ការរស់នៅ ជាពិសេស​ផ្តោត​សំខាន់​លើ​សំណង់​តាម​បណ្តោយ​ឆ្នេរ ដែល​តម្រូវឲ្យ​មាន​ការគ្រប់​គ្រង​កាក​សំណល់​រឹង រាវ និង​ការបញ្ចេញចោល​នូវ​ទឹក​ក្រ​ខ្វក់​ជាដើម​។​

​ផ្តើមចេញ​ពី​កត្តា​សំខាន់ៗ​ខាងលើ លោក​ក៏​បាន​ជំរុញ​ដល់​ខាង​វិស័យ​សំណង់​ត្រូវ​ពង្រឹង​ការងារ​ក្នុង​ការចុះ​ត្រួតពិនិត្យ​ការដ្ឋាន​ឲ្យបាន​ជាប្រចាំ ទប់ស្កាត់​រាល់​សំណង់​ខុសច្បាប់ គ្មាន​ច្បាប់ និង​សំណង់​ដែល​ចេញ​ដំណើរការ​មុន​លិខិតអនុញ្ញាត ដោយ​រក្សា​ឲ្យបាន​នូវ​គុណភាព និង​សោភ័ណភាព​នៃ​សំណង់ និង​ឲ្យ​ត្រឹមត្រូវ​តាម​បទដ្ឋាន​បច្ចេកទេស នៃ​នគ​រូប​នី​យប្ប​ញ្ញ​តិ្ត ស្រប​តាម​ប្លង់​គោល​ប្រើប្រាស់​ដី​ក្រុងកែប ដែល​បាន​អនុម័ត​រួច ហើយ​តាមដាន និង​ឃ្លាំមើល រាល់​បទល្មើស​ដែល​បាន​លួច​ចូល​កាន់កាប់ និង​តាំង​លំនៅឋាន​លើ​ដី​រដ្ឋ​គ្រប់​ប្រភេទ ជា​ពិសេស​ដី​ចំណី​ឆ្នេរ​ជាដើម​។​

​ក្នុងឱកាស​នោះ លោក ឆាន់ សូរ្យ​ផល អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​សំណង់ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​គូសបញ្ជាក់ថា ក្រុម​ជាងសំណង់​ត្រូវតែ​មាន​ការចុះបញ្ជី​ត្រឹមត្រូវ ព្រោះថា​សំណង់​និមួយៗ​បើ​យើង​សាងសង់​ត្រូវតែ​មាន​គុណភាព ហើយ​ក្រុមហ៊ុន​សាងសង់​នោះ​ត្រូវតែ​ហ៊ាន​ធានា​នូវ​គុណភាព​របស់​សំណង់ ដែល​ក្រុម​ជាង​បាននិងកំពុង​សាងសង់​ថ្មីៗ និង​រួចរាល់ ក្នុងនោះ​បូក​រួម​ទាំង​សម្ភារៈ​សំណង់​ផងដែរ​។​ម្យ៉ាងទៀត​ការកំណត់​ទីតាំង​នៃ​សំណង់ ក៏​ត្រូវ​គិត​ពី​គម្លាត​អ័ក្ស​ផ្លូវ ដោយ​តម្រូវ​ឲ្យ​មន្ត្រី​ជំនាញ​កំណត់​ព្រំ​ដី​ឲ្យបាន​ច្បាស់លាស់ ជៀសវាង​ប៉ះពាល់​ដី​របស់​រដ្ឋ​។​លើសពី​នេះ​ផ្នែក​ជំនាញ ក៏​ត្រូវតែ​គ្រប់គ្រង តាមដាន និង​ពិនិត្យ​ក្រុមហ៊ុន និង​ក្រុម​ជាងសំណង់​ឲ្យបាន​ហ្មត់ចត់ ជៀសវាង​ការសាងសង់​ដោយ​គ្មាន​បច្ចេកទេស ដែល​នាំ​ឲ្យ​បាក់​ស្រុត ឬ​បង្ក​គ្រោះថ្នាក់​ដោយ​ប្រការ​ណាមួយ ដែល​យើង​នឹកស្មាន​មិន​ដល់​៕