ស្ថានភាព​ទឹក​ស្ថិត​នៅ​ទំនប់​ភ្នំ​ដំរី​កាន់តែ​រីង​ខណៈ​រដូវប្រាំង​ឆ្នាំនេះ​មាន​សភាព​ហួតហែង​

(​ខេត្ត​កំពត​)៖ ឆ្នាំនេះ​ដោយសារ​អាកាសធាតុ​ក្តៅ​ខ្លាំង គាប់​ជួន​គ្មាន​ភ្លៀង​កក់ខែ​ផង​នោះ គេ​បាន​សង្កេតឃើញ​នៅតាម​តំបន់​ភូមិសាស្ត្រ​នានា​ទូទាំង​ប្រទេស​មាន​សភាព​ហួត​ហែង ហើយ​រុក្ខជាតិ​ទាំងឡាយ​ក៏​រង​នឹង​កម្តៅថ្ងៃ​មាន​ភាពស្វិត​ស្រពោន​ផងដែរ​។​

​យ៉ាងណាមិញ បើ​យើង​ក្រលេក​មើល​នៅ​តាម​តំបន់​ខ្លះ​នៃ​បណ្តា​ស្រុក នៅក្នុង​ខេត្ត​កំពត​វិញ​គេ​ពិតជា​កត់សម្គាល់ឃើញ​ភូមិសាស្ត្រ​មួយចំនួន​ត្រូវ​ជួប​បញ្ហា​កង្វះ​ទឹក​សម្រាប់​ផ្គត់ផ្គង់​និង​ប្រើប្រាស់ ពិសេស​ការស្រោចស្រព​ដំណាំ ដូចជា​នៅ​អាង​ស្តុក​ទឹក​ទំនប់​ភ្នំ​ដំរី ស្ថិតក្នុង​ស្រុក​កំពង់ត្រាច​ជាដើម​។​

​យោងតាម​របាយការណ៍​របស់​អាជ្ញាធរ​ស្រុក​កំពង់ត្រាច នៅ​ព្រឹក​ថ្ងៃទី​២២ ខែ​មីនា ឆ្នាំ​២០១៩ បានឲ្យដឹងថា ឆ្នាំ​នេះ​ដោយសារ​កត្តា​អាកាសធាតុ គឺ​ពុំ​មាន​ភ្លៀង​កក់ខែ​មួយ​មេ​ផង​នោះ ពិតជា​ធ្វើឲ្យ​ភូមិសាស្ត្រ​មួយចំនួន​កំពុង​រង​នូវ​ការខ្វះខាត​ទឹក​ប្រើប្រាស់​។​ជាមួយគ្នា​នេះ​ទំនប់ទឹក​ភ្នំ​ដំរី ស្ថិតក្នុង​ឃុំ​ដំណាក់​កន្ទួត ស្រុក​កំពង់ត្រាច ខេត្ត​កំពត កន្លង​មក​ទំនប់ទឹក​នេះ​មាន​ទឹក​ពេញ ដែល​អាចឲ្យ​ប្រជាពលរដ្ឋ​អាចប្រើប្រាស់​តាមតម្រូវ​ការ ប៉ុន្តែ​ពេល​នេះ​ស្ថានភាព​ទឹក​ហាក់ដូចជា​មាន​ការ​ស្រក​ចុះ​យ៉ាងកំហុគ ដែល​ជា​បញ្ហា​ប្រឈម​មួយ​ធ្វើឲ្យ​មាន​ភាពខ្វះទឹក​សម្រាប់​តម្រូ​វ​ការ​ប្រើប្រាស់​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​។​

​ទាក់ទិន​នឹង​បញ្ហា​នេះ​ដែរ បើ​តាម​ការរៀបរាប់​ពី​សំណាក់​ពលរដ្ឋ ដែល​រស់នៅ​ភូមិសាស្ត្រ​ខាងលើ​បានឲ្យដឹងថា ស្ថានភាព​ទឹក​ទំនប់​ភ្នំ​ដំរី​ស្រក​ចុះ​លឿន​បែបនេះ គឺ​បណ្តាលមកពី​កត្តា​ពីរ​យ៉ាង ទី​១-​មក​ពី​ការ​រំ​ហួត​ដោយសារ​អាកាសធាតុ​ក្តៅ​ខ្លាំង ហើយ​គ្មាន​ភ្លៀង​ធ្លាក់​កក់ខែ​ដូច​ឆ្នាំ​មុនៗ​។ ទី​២-​គឺ​បណ្តាលមកពី​ចំណុច​ទំនប់​ភ្នំ​ដំរី​នៅជាប់​នឹង​ចង្កេះ​ភ្នំ ងាយ​ប្រឈម​នឹង​ការហូរ​ច្រោះ​ចូល​តាម​ក្រហែង និង​ប្រហោង​ថ្ម​នៅក្រោម​ភ្នំ ដែល​បញ្ហា​បែប​នេះ​គ្មាន​មធ្យោបាយ​ទប់ទល់ ឬ​ការពារ​បាន​ឡើយ​។​ទន្ទឹម​នឹង​បញ្ហា​ដូចខាងលើ ប្រជាពលរដ្ឋ​ក្នុង​តំបន់ បាន​នឹង​កំពុង​សំណូមពរ​ដល់​អាជ្ញាធរ ពិសេស​មន្ត្រី​ជំនាញ មេត្តា​ជួយ​មាន​វិធានការ​ទប់ទល់​ជាបន្ទាន់ ដើម្បី​រក្សា​ទឹក​ឲ្យមាន​លំនឹង​ដូច​មុន​វិញ​៕