អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យ ដែលជាប់ពាក់ព័ន្ធបទល្មើសច្រើនជាប់ខ្លួន!

(ភ្នំពេញ)នារសៀលថ្ងៃ សុក្រ ៤កើត ខែភទ្រទប ឆ្នាំឆ្លូវ ត្រីសក័ ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ សមត្ថកិច្ចជំនាញនៃការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនិតិជន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យម្នាក់ទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់ ពាក់ព័ន្ធករណី ហិង្សាក្នុងគ្រួសារ, បង្ខាំងមនុស្សដោយចេតនាទុច្ចរិត ក្នុងគោលដៅគំរាមទារប្រាក់ពីប្រពន្ធរបស់ខ្លួន, កាន់កាប់អាវុធ ដោយខុសច្បាប់ និង រំលោភសេពសន្ថវៈទៅលើកូនស្រីចុង ដោយគំរាមកំហែងថានឹងសម្លាប់។ លើសពីនេះទៅទៀត ជនសង្ស័យរូបនេះ ក៏ជាបុគ្គលដែលល្បីសំបូររឿងក្តី មិនចេះចប់ ក្នុងរយៈកាលកន្លងមក ទាំងនៅតាមបណ្តាខេត្តនិងរាជធានី។

ជនសង្ស័យឈ្មោះ ឡេង ប៊ុនស្រ៊ី ភេទប្រុស អាយុ៥៦ឆ្នាំ មានស្រុកកំណើត ឃុំស្វាយឃ្លាំង ស្រុកក្រូចឆ្មា ខេត្តកំពង់ចាម បានចាប់ដៃគ្នាជាប្តីប្រពន្ធ ជាមួយស្រ្តីម្នាក់មេម៉ាយកូន០៥ កាលពីចុងឆ្នាំ២០១១លុះដល់ចុងឆ្នាំ២០១៩ ជនសង្ស័យបានដាក់ពាក្យបណ្តឹងនៅតុលាការ ដើម្បីសុំលែងលះប្រពន្ធនិងចែកទ្រព្យសម្បត្តិគ្នា ប៉ុន្តែជនសង្ស័យបែរជាប្រាប់ ប្រពន្ធថា ខ្លួនបានដាក់បណ្តឹងព្រហ្មទណ្ឌឲ្យតុលាការចាប់ប្រពន្ធដាក់គុក បើប្រពន្ធចង់រួចបណ្តឹងត្រូវធ្វើកិច្ចព្រមព្រៀង លែងលះគ្នាដោយស្ម័គ្រចិត្ត ចែកទ្រព្យសម្បត្តិគ្នាពាក់កណ្តាលរួមមានដីធ្លីនៅអង្គស្នួល០២កន្លែងនិងផ្ទះនៅអូរបែកក្អម ០១កន្លែង ព្រមទាំងត្រូវសងលុយឲ្យជនសង្ស័យ ១៨ម៉ឺនដុល្លារនៅពេលណាដែល លក់ដីដែលជាទ្រព្យផ្ទាល់របស់ប្រពន្ធ នៅឯខេត្តសៀមរាបដាច់។ ស្រាប់តែពេលប្រពន្ធចូលដល់តុលាការ ទើបដឹងថាប្តីខ្លួនប្តឹងលែងលះទៅវិញ ពុំមែនប្តឹងរឿង ព្រហ្មទណ្ឌដើម្បីចាប់ខ្លួនដាក់គុកដូចការគម្រាមរបស់ប្តីឡើយ ដូច្នេះ ប្រពន្ធក៏មិនព្រមយកកិច្ចព្រមព្រៀងបែងចែកទ្រព្យនិង សងលុយឲ្យជនសង្ស័យនោះ ប្រគល់ទៅឲ្យតុលាការទេ ក្រោយមកជនសង្ស័យដែលជាប្ដី បានហៅប្រពន្ធមកគំរាម ដោយដាក់កាំភ្លើងលើតុហើយគំរាមថាបើមិនយកកិច្ចព្រមព្រៀងនេះទៅដាក់ឲ្យតុលាការទេប្រយ័ត្ន កូនកំព្រាអត់ម្ដាយ ។

តែដោយពួកខ្លួនរស់នៅជាមួយគ្នា ពុំមានអេតាស៊ីវិល តុលាការបានលើកចោលការទាមទារសុំឈប់រស់នៅជាអនិតិសង្វាស របស់ដើមចោទ តែឲ្យអនុវត្តកិច្ចព្រមព្រៀងដែលប្តីបានបង្ខំឲ្យប្រពន្ធធ្វើមុនចូលតុលាការទៅវិញ។ នៅខែឧសភា ឆ្នាំ២០២០ ជនសង្ស័យបានសុំប្រពន្ធ ត្រូវរូវគ្នាវិញ និងបានចុះអេតាស៊ីវិលជាមួយគ្នាដើម្បីបញ្ជាក់ចិត្តស្មោះ។ លុះនៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២១ ជនសង្ស័យ បានបង្ខំឲ្យប្រពន្ធរកលុយមកឲ្យខ្លួន១៨ម៉ឺនដុល្លារ តាមកិច្ចព្រមព្រៀងដែលខ្លួនបានធ្វើជាមួយគ្នា មុនពេលចុះអេតាស៊ីវិល តែប្រពន្ធមិនព្រមឲ្យលុយនោះ ក៏បង្កជាជម្លោះឈានទៅដល់ការប្រើហិង្សា ហើយជនសង្ស័យ ក៏បានដេញប្រពន្ធចេញពីផ្ទះ ប្រពន្ធក៏បានមកដាក់ពាក្យបណ្តឹងនៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ។

នៅថ្ងៃទី ០៧ ខែកញ្ញា ឆ្នាំ២០២១ សមត្ថកិច្ចទទួលបានការសុំអន្តរាគមន៍ពីដើមបណ្តឹងបន្ថែមថា កូនរបស់គាត់០២នាក់ ត្រូវបាជនសង្ស័យបង្ខាំងទុកក្នុងផ្ទះ សូមឲ្យសមត្ថកិច្ចជួយរំដោះកូនគាត់ផង។ មន្ត្រីជំនាញនៃកងរាជអាវុធហត្ថ រាជធានីភ្នំពេញ បានចុះអនុវត្តជាក់ស្តែង នៅចំណុច ផ្ទះលេខ៤៩ ផ្លូវលំ ភូមិត្រពាំងឈូក សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ រកឃើញថា ជនសង្ស័យពិតជាចាក់សោរបង្ខាំងមនុស្ស០២នាក់ខុសច្បាប់ ដែលត្រូវជាកូនចុងរបស់ ជនសង្ស័យ (ក្នុងនោះមានអនិតិជនម្នាក់) ពិតមែន ហើយជនសង្ស័យបានគេចខ្លួន ពេលបានឃើញកម្លាំងសមត្ថកិច្ច។ សមត្ថកិច្ចព្រមទាំងអាជ្ញាធរភូមិ បានធ្វើការអន្តរាគមន៍កាត់សោផ្ទះ រំដោះកូនទាំងពីរនាក់នោះមកវិញ ។

ក្រោយពេលមន្ត្រីជំនាញ តាមរកជនសង្ស័យឃើញនាព្រលប់ថ្ងៃទី ០៧ ខែកញ្ញា ឆ្នាំ២០២១ ក៏បានហៅជនសង្ស័យ មកកាន់ការិយាល័យដើម្បីបំភ្លឺ ស្រាប់តែកូនស្រីចុងរបស់ជនសង្ស័យ បានបង្ហើបថានាងក៏ជា ជនរងគ្រោះ ធ្លាប់ត្រូវបាន ជនសង្ស័យដែលជាឪពុកចុង ចាប់រំលោភផងដែរតែនាងមិនហ៊ានប្រាប់អ្នកណាទេ ព្រោះជនសង្ស័យបានគម្រាមថា នឹង សម្លាប់ចោល ម្យ៉ាងជនសង្ស័យធ្លាប់មានប្រវត្តិជាប់គុក០៦ឆ្នាំព្រោះសម្លាប់មនុស្សពីមុនមក និងតែងតែបង្ក អំពើហិង្សាក្នុងគ្រួសារ ជារឿយៗ ព្រមទាំងមានកាំភ្លើងខ្លីមួយដើមទៀត ហើយសមត្ថកិច្ច ក៏បានដកហូត កាំភ្លើងហ្គាសបាញ់គ្រាប់កង់ ០១ដើមពីផ្ទះជនសង្ស័យផងដែរ។ រឹតតែភ្ញាក់ផ្អើលទៅទៀតនោះ ជនសង្ស័យ ឡេង ប៊ុនស្រ៊ី នេះ ក៏ធ្លាប់មានរឿងអាស្រូវជាច្រើននៅតាមខេត្តទៀតផង៕