លោកឧត្តមសេនីយ៍ត្រី ឃួន ជឿន មេបញ្ជាការយោធា៥០៣ កំពុងផ្គើនជាមួយបទបញ្ជារថ្នាក់លើ

ខេត្តបន្ទាយមានជ័យ ,, បច្ចុប្បន្ននេះ គេនៅតែ សង្កេតការណ៍ឃើញ ថា តាមច្រករបៀង មួយចំនួន ដែលគ្រប់គ្រងដោយលោកឧត្តមសេនីយ៍ត្រី ឃួន ជឿន មេបញ្ជាការ កងការពារព្រំដែនលេខ៥០៣  បានបើកដៃឲ្យកូនចៅក្រោមឱវាទ ធ្វើការឃុបឃិតគ្នាជាមួយក្រុមឈ្មួញ លួចដឹកជញ្ជួនទំនិញគេចពន្ធចូលកម្ពុជា យ៉ាងគគ្រឹកគគ្រេង ជារៀងរាល់ថ្ងៃ ដោយផ្គើនជាមួយបទបញ្ជាររបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ទោះបីសម្តេចក្រឡាហោម ធ្លាប់បានបញ្ជារឲ្យកងកម្លាំងជួរមុខ ត្រូវបិទច្រករបៀងទាំងអស់តាមបន្ទាត់ព្រំដែន យ៉ាងណាក៏ដោយ  ។

ដោយក្នុងនោះ តាមការជាក់ស្តែង ច្រករបៀងមួយកន្លែងដែលត្រូវបានគេហៅថា (ច្រកតំបន់៥) គ្រប់គ្រងដោយយោធា៥០៣ ដែលមានបុរសម្នាក់ត្រូវបានអ្នកភូមិអ្នកស្រុកហៅឈ្មោះក្រៅថា (ប៉ូ) ជានាយប៉ុស្តិ៍នៃកងការពារព្រំដែនលេខ៥០៣ បានឃុបឃិតគ្នាជាមួយក្រុមឈ្មួញ ឲ្យដឹកជញ្ជូន ទំនិញផ្សេងៗមកពីប្រទេសថៃ ចូលកម្ពុជា យ៉ាងគគ្រឹកគគ្រេង យកស្តុបក្នុងឃ្លាំងមួយកន្លែងចំងាយពីច្រករបៀងមួយនេះប្រហែល៥០-១០០ម៉ែត្រ ដើម្បីសាងដាក់រថយន្តរបស់ក្រុមឈ្មួញកម្ពុជា យកទៅចែកចាយបន្ត ដោយមិនចាំបាច់បង់ពន្ធចូលរដ្ឋ ដែលជាហេតុ ធ្វើឲ្យចំណូលពន្ធរដ្ឋ កាន់តែខាតបង់ ខណៈប្រទេសជាតិកំពុងមានវិបត្តិសេដ្ឋកិច្ច ត្រូវបានធ្លាក់ចុះដោយសារជម្ងឺកូវិដ-១៩ វាយប្រហារ  ។ ហើយច្រករបៀងមួយនេះឋិតក្នុងភូមិ ព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។

នៅក្នុងនោះ ក៏ត្រូវបានគេសង្កេតឃើញថា នៅមុខច្រករបៀងមួយនេះ ក៏មានប៉ុស្តិ៍ជជុះរបស់កម្លាំងគយចល័ត របស់ការិយាល័យគយនិងរដ្ឋាករច្រកតំបន់បឹងត្រកួន ដែលគ្រប់គ្រងដោយលោក ញឹក ប៊ុនលេខ ក៏នៅទីនោះដែរបែរជា មិនឃើញធ្វើការទប់ស្កាត់សោះឡើយ ដោយអង្គុយរាប់តែក្បាលឡានយកលុយពីក្រុមឈ្មួញទៅវិញ ។ដូចច្នេះមហាជន សូមអំពាវនាវដល់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ និង  រដ្ឋមន្រ្តីនៃអគ្គនាយកដ្ឋានគយ និង រដ្ឋាករកម្ពុជា ជាពិសេស លោកអភិបាលខេត្ត បន្ទាយមានជ័យ ជួយពិនិត្យមើលផងទាន។