អាវុធហត្ថរាជធានីភ្នំពេញ ទទួលបាន ផ្លែមៀនតាង៉ែនចំនួន ៣តោន ដែលជាអំណោយដ៏ថ្លៃថ្លា របស់ សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រានី ហ៊ុនសែន!

ភ្នំពេញ៖ នារសៀល ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានទទួលផ្លែមៀនតាង៉ែនចំនួន ៣តោន ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រានី ហ៊ុនសែន តាមរយៈក្រុមការងារ របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការបញ្ជាការដ្ឋានអង្គរក្ស ដើម្បីចែកជូនដល់ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលកំពុងមមាញឹករួមចំណែកក្នុងយុទ្ធនាការ បង្កា និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ជាពិសេស បំពេញបេសកកម្មការពារតាមគោលដៅមណ្ឌលចត្តាឡីស័ក និងព្យាបាលអ្នកជំងឺកូវីដ-១៩។

ក្នុងនាមមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ជំនួសមុខឲ្យកម្លាំង កងរាជអាវុធហត្ថក្រោមឱវាទទាំងអស់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុត ចំពោះទឹកចិត្តសប្បុរស របស់ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចកាលសម្ដេចទាំងទ្វេរ តែងតែគិតគូរយកចិត្តទុកដាក់ខ្ពស់ អំពីសុខទុក្ខរបស់កងកម្លាំងគ្រប់ប្រភេទ និងគ្រប់កាលៈទេសៈ។

ជាក់ស្តែងការឧបត្ថម្ភផ្លែមៀនតាង៉ែន ចំនួន ៣តោន ដល់បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញនាពេលនេះ គឺជាការលើកទឹកចិត្តយ៉ាងធំធេង ដល់កងកម្លាំងក្នុងការបន្តបេសកកម្ម ជួយដល់ប្រជាពលរដ្ឋ ទាំងយប់ទាំងថ្ងៃ ដោយស្ម័គ្រស្មោះ ក្នុងស្មារតីលះបង់ខ្ពស់ ទាំងកម្លាំងកាយកម្លាំងចិត្ត ពេលវេលាផ្ទាល់ខ្លួននិងគ្រួសារ៕