ប្រើវិធានការក្តៅហើយប្រធានមន្ទីរបរិស្ថានខេត្តសៀមរាបបង្រ្កាបបានឈើខុសច្បាប់ជាច្រើនម៉ែត្រគូប

ខេត្តសៀមរាប៖ឈើខុសច្បាប់ជាច្រើនម៉ែត្រគូបដែលយកមកលាក់ទុកនៅក្នុងផ្ទះបងប្អូនប្រជាពលរដ្ឋ ត្រូវបានសមត្ថកិច្ចជំនាញចុះបង្ក្រាបនៅព្រឹកថ្ងៃទី ២៥ ខែសីហាឆ្នាំ ២០២១ ត្រង់ចំណុច ភូមិ អូរ ឃុំ ខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រោមការបញ្ជាផ្ទាល់ពីលោក ស៊ុន គង់ ប្រធានមន្ទីរបរិស្ថាន។

ឈើដែលត្រូវបានចាប់រួមមានឈើតាប់ប្រភេទឈើសុក្រំ ប្រហែលជាង ៥ ម៉ែត្រគូប យកទៅរក្សាទុកនៅស្នាក់ការ បរិស្ថានដែនជម្រកសត្វព្រៃបឹងពែរ ភូមិសាស្រ្តខេត្តសៀមរាបរង់ចាំបន្តនីតិវិធីតាមផ្លូវច្បាប់។

អង្គភាពសារព័ត៌មានយើងបានcallទៅលោក គង់ សុធា ប្រធានស្នាក់ការដែនជម្រកសត្វព្រៃបឹងពែរដើម្បីសុំទូរលេខការវាស់វែងចំនួនឈើដែលត្រូវបានចាប់តែលោកថានៅក្នុងព្រៃមិនទាន់បានដឹង ចាំសួរទៅមន្ត្រីសិនចាំផ្ដល់ព័ត៌មានឲ្យតាមក្រោយ។

ប្រភពពីពលរដ្ឋមួយចំនួនលើកឡើងថាទឹកដីឃុំខ្វាវនៅតែមានឈ្មួញរកស៊ីដឹកជញ្ជូនផលអនុផលព្រៃឈើជាបន្តបន្ទាប់ ទោះបីមន្ត្រីថ្នាក់លើបញ្ជាឲ្យបង្ក្រាបហើយ បង្ក្រាបទៀត តែមន្ត្រីថ្នាក់ក្រោមមួយចំនួន ហាក់បីដូចជាឃើញខ្លះមិនឃើញខ្លះ បងប្អូនប្រជាពលរដ្ឋសង្ឃឹមថា មន្ត្រីមានសមត្ថកិច្ចគ្រប់ស្ថាប័ន នឹងបន្តចុះបង្ក្រាបមិនលើកលែងរាល់ការដឹកជញ្ជូនឈើខុសច្បាប់ឡើយ៕