ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាល ខេត្តកណ្ដាល និងឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត បានចូលរួមក្នុងពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរបរិស្ថានខេត្តកណ្តាល,,

(ខេត្តកណ្ដាល), នាព្រឹកថ្ងៃអង្គារ ១រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ឆ្នាំ២៥៦៥ ត្រូវនឹងថ្ងៃទី២៤​ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាល ខេត្តកណ្ដាល និងឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត បានចូលរួមក្នុងពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរបរិស្ថានខេត្តកណ្តាល ក្រោមអធិបតីភាព ឯកឧត្តម សូ ខនឫទ្ធីគុណ រដ្ឋលេខាធិការក្រសួងបរិស្ថាន តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម អភិបាលសម្តែងនូវការកោតសរសើរ និងអរគុណ ចំពោះ លោក អូម ផាត់ អតីតប្រធានមន្ទីរបរិស្ថានខេត្តកណ្តាល ដែលនៅក្នុងអាណត្តិការងាររបស់លោកកន្លងមក លោកបានដឹកនាំមន្រ្តីក្រោមឱវាទនៃមន្ទីរបរិស្ថាន បំពេញតួនាទីឲ្យមានការរីកចម្រើនលើវិស័យកិច្ចការពារបរិស្ថាន ក្នុងរយៈពេលកន្លងមក ដោយទទួលបានលទ្ធផលយ៉ាងល្អប្រសើរ។

ជាមួយគ្នានេះដែរ ក៏សូមចូលរួមអបអរសាទរចំពោះ លោក ពៅ សោមាណាក់ ដែលត្រូវបានក្រសួង​បរិស្ថានប្រកាសតែងតាំងជាប្រធានមន្ទីរបរិស្ថាន ដើម្បីបំពេញនូវរចនាសម្ព័ន្ធដឹកនាំ គ្រប់គ្រង និងទទួលខុសត្រូវ​លើការងារបរិស្ថាន បន្តពីលោក អូម ផាត់ ដែលត្រូវទទួលភារកិច្ចថ្មីនៅទីស្ដីការក្រសួងបរិស្ថាន​។

ដើម្បីអនុវត្ត តួនាទី ភារកិច្ច លើវិស័យបរិស្ថានក្នុងក្របខ័ណ្ឌភូមិសាស្ដ្រខេត្តកណ្ដាល មានប្រសិទ្ធភាព និងទទួលបានជោគជ័យ ក្នុងនាមរដ្ឋបាលខេត្ត និងខ្លួនខ្ញុំផ្ទាល់ សូមផ្ដល់អនុសាសន៍មួយចំនួនដូចខាងក្រោម។

១-ត្រូវខិតខំបំពេញការងារ​ ឲ្យអស់ពីសមត្ថភាព លទ្ធភាព ទេពកោសល្យ និងគំនិតច្នៃប្រឌិតខ្ពស់។
២-ត្រូវពង្រឹងស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុងឱ្យបានល្អ ក្នុងថ្នាក់ដឹកនាំមន្ទីរ និងមន្ដ្រីរាជការគ្រប់លំដាប់ថ្នាក់ ត្រូវចេះគោរព ស្រលាញ់ ដោយឈរលើមូលដ្ឋាននៃការលើកកម្ពស់ប្រសិទ្ធភាពការងារ គោរពច្បាប់ គោលការណ៍នានារបស់រដ្ឋ និងពង្រឹងរបៀបរបបធ្វើការងារដើម្បីលើកកម្ពស់ការទទួលខុសត្រូវ និងភាពម្ចាស់ការ តាមតួនាទី ភារកិច្ចរបស់ខ្លួន។
៣-ត្រូវមានកិច្ចសហការ និងទំនាក់ទំនងការងារល្អ ជាមួយមន្ទីរ អង្គភាព ស្ថាប័ន ដៃគូអភិវឌ្ឍន៍នានា ជាពិសេសអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់
៤-ត្រូវមានផែនការ ការងារច្បាស់លាស់ ចំគោលដៅ និងការគ្រប់គ្រងរដ្ឋបាល អភិវឌ្ឍន៍ធនធានមនុស្ស ដើម្បីគុណភាព ប្រសិទ្ធភាពការងារ និងអ្នកបន្ដវេន។
៥-ត្រូវមានការតាមដាន ត្រួតពិនិត្យវាយតម្លៃការអនុវត្តការងារ និងលើកទឹក ចិត្ត សរសើរដល់មន្ដ្រីក្រោមឱវាទ ដែលអនុវត្តការងារបានល្អ។
៦-ត្រូវយកចិត្តទុកដាក់បំពេញតួនាទីជាសេនាធិការឱ្យរដ្ឋបាលខេត្ត លើការងារគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន និងបំពេញការងារតាមភារកិច្ចដូចមានចែងនៅក្នុង មាត្រា៨ នៃអនុក្រឹត្យលេខ ១១៣ អនក្រ.បក ចុះថ្ងៃទី២៧​ ខែ សីហា ឆ្នាំ២០១៥ របស់រាជរដ្ឋាភិបាល ស្ដីពីការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជនឱ្យបានល្អប្រសើរ៕