ព័ត៌មានជាតិ

ក្រុមគយចល័តផ្លូវជាតិលេខ១ ប្រើអំណាច ចាប់រថយន្តដឹកផ្លែឈើ ទារលុយ២០លានរៀល មិនបាន ទុកអោយរលួយ

ខេត្តព្រៃវែង៖ ក្រុមគយចល័តផ្លូវជាតិលេខ១ ដែលមានស្នាក់ការនៅឃុំរំចេក ស្រុកព្រះស្ដេច ខេត្តព្រៃវែង បានប្រើអំណាចរបស់ខ្លួនចាប់រថយន្តដឹកផ្លែឈើពីវៀតណាម ទារលុយ២០លានរៀល មិនបាន ក៏ទុកផ្លែឈើឲ្យរលួយខូចអស់។

ជុំវិញករណីនេះក្រុមអាជីវករ នៅថ្ងៃទី ០៩ ខែមិថុនាឆ្នាំ ២០២១ ព្រឹកមិញនេះបានផ្ដល់បទសម្ភាសន៍ ប្រាប់អ្នកសារព័ត៌មាននៅមុខស្នាក់ការគយចល័តផ្លូវជាតិលេខ១ ដោយនិយាយថាគយចល័តខាងលើនេះចាប់បង្ខំជំរិតយកលុយ របស់ពួកគាត់។ ពួកគាត់ថាហ៊ានស្បថដាក់ជីវិត ហ៊ានឱ្យក្រឡាប់ឡាន និងរន្ទះបាញ់ស្លាប់តៃហោង ប្រសិនជាពួកខ្លួននិយាយបំភ្លើសខុសការពិត» ប៉ុន្តែករណីនេះ មន្ត្រីគយបដិសេធថា«មិនដឹងនោះទេ»។

ប្រភពពីអាជីវករ រាជធានីភ្នំពេញ បានបញ្ជាក់ថា៖ ខ្លួនដឹកផ្លែ(គូលែន)ពីវៀតណាម ចូលមកខ្មែរ ក្នុង១ជើងដោយប្រើរថយន្តវ៉េអងគឺត្រូវបង់លុយឱ្យគយចល័តផ្លូវជាតិលេខ១ ចំនួន៣០ម៉ឺនរៀលយ៉ាងទៀងទាត់។ប្រភពបន្តថា រថយន្តគាត់មានក្រដាសបង់ពន្ធពីព្រំដែន ក៏នៅតែបង់លុយចូលហោប៉ាវ គយចល័តចំនួន៣០ម៉ឺនរៀលដដែល គឺរាល់លើកតែម្ដង។ ក្នុងនោះប្រសិនជា មិនមានក្រដាសស្នាមពីព្រំដែនទេ គឺត្រូវបង់លុយចូលហោប៉ាវគយចល័ត ច្រើនណាស់ដល់រាប់លានរៀលក្នុង១ជើងៗ។

អាជីវកររូបនេះបានលើកឡើងទៀតថា រឿងបង់លុយ ចូលហោប៉ាវ មន្ត្រីគយចល័តផ្លូវជាតិលេខ១ បានក្លាយទៅជាទម្លាប់ទៅហើយ សម្រាប់អ្នករកស៊ីដូចពួកខ្លួន គឺគ្មានអាជីវករ ណាម្នាក់គេចផុតឡើយ។ ប៉ុន្តែអ្វីដែលធ្វើឱ្យអ្នកស្រីហួសចិត្តខ្លាំងបំផុតនោះ គឺគយចល័ត តែងតែយកលុយពីអ្នកស្រីរាល់លើកសោះ ចុះហេតុអី? បែរជាចាប់ រថយន្តដឹកផ្លែគូលែន របស់អ្នកស្រី នៅយប់ទី០៨ ខែមិថុនា ២០២១។ ពោលគឺចាប់រថយន្ត ចូលស្នាក់ការ រួចទារលុយចំនួន២០លានរៀល ទើបដោះលែងវិញ។ លុះអ្នកស្រីពុំមានលទ្ធភាពបង់លុយចំនួន២០លានរៀល តាមកំណត់ ជាហេតុនាំឱ្យមន្ត្រីគយចល័តផ្លូវជាតិលេខ១ ទុករថយន្តរួមនិងផ្លែឈើឱ្យ នៅស្អុយក្នុងស្នាក់ការតែម្ដង បណ្ដាលឱ្យខាតទំនិញផ្លែឈើគាត់ អស់ប្រាក់ប្រមាណជា៥ម៉ឺនដុល្លារឯណោះ។

ក្រុមអាជីវករផ្សេងទៀត បានអះអាងថា ជារៀងរាល់លើកពួកខ្លួន តែងតែបង់លុយ ចូលហោប៉ៅមន្ត្រីគយចល័តផ្លូវជាតិលេខ១ យ៉ាងទៀងទាត់ ពោលគឺបង់តាមកំណត់ របស់មន្ត្រីគយ។ ខណៈរាល់ការបង់លុយទាំងនោះ គឺមិនដែលមានក្រដាសស្នាម ឬបង់ពន្ធចូលរដ្ឋអ្វីទេ ជាក់ស្ដែងហុចលុយឱ្យគយផ្ទាល់ដៃ..!តែម្ដង។

បើតាមប្រភពបានបង្ហើបថា សម្រាប់រថយន្តដឹកផ្លែឈើចំណុះ២តោនកន្លះ ក្នុង១ជើងបង់លុយឱ្យគយចល័ត ចំនួន១០ម៉ឺនរៀលជាកំហិតរថយន្តចំណុះ៥តោន បង់ចំនួន២០ម៉ឺនរៀលជាកំហិត រថយន្តវ៉េអងបង់ចំនួន៣០ម៉ឺនរៀលជាកំហិត។ជាមួយគ្នានោះ តៃកុងឡាន រួមនិងអាជីវករ បានអះអាងដូចៗគ្នាថា ពួកគាត់ហ៊ានស្បថដាក់ជីវិត ឱ្យក្រឡាប់ឡាន ឬរន្ទះបាញ់ស្លាប់តៃហោង។ប្រសិនជាខ្លួននិយាយបំផ្លើសខុសការពិត ចំពោះការបង់ លុយចូលហោប៉ាវ មន្ត្រីគយចល័តផ្លូវជាតិលេខ១។ឆ្លើយតបនិងការលើកឡើង របស់អាជីវក លោក ផែន ភឿន ប្រធានគយចល័តផ្លូវជាតិលេខ១ បានប្រាប់អ្នកសារព័ត៌មានថ្លែងថារថយន្តដែលចាប់នៅក្នុងស្នាក់ការនោះ គឺមកពីមិនបានបង់ពន្ធ។ ចំពោះសំណួររឿងយកលុយ៣០ម៉ឺនរៀលក្នុង១ឡាន.? លោក ផែន ភឿន បានបដិសេធថា មិនដឹងនោះទេ!។

ដោយឡែក លោក នី គឹមហួរ មន្ត្រីគយចល័តផ្លូវជាតិលេខ១ ដែលនៅប្រចាំការ បានបដិសេធមិនបកស្រាយឡើយ ចំពោះរឿងលុយ៣០ម៉ឺនរៀលក្នុង១ឡាន?។ទោះជាយ៉ាងណាក៏ដោយ ក្នុងមួយថ្ងៃៗមានរថយន្តរាប់សិបគ្រឿង បានដឹកទំនិញពីវៀតណាម ចូលមកខ្មែរ ទាំងយប់ទាំងថ្ងៃ ដោយឆ្លងកាត់ផ្លូវជាតិលេខ១ នឹងតែងតែឈប់នៅមុខស្នាក់ការ ចូលបង់លុយ ជូនគយចល័តផ្លូវជាតិលេខ១ ជាប្រចាំមិនដែលខាន ជាហេតុនាំឱ្យលោក ផែន ភឿន សំងំកើបលុយ បានរាប់សិបលានរៀលក្នុង១ថ្ងៃៗ ជាថ្នូរនិងមិនបង្ក្រាប បទល្មើសរត់ពន្ធ ឬផាកពិន័យចូលរដ្ឋ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *