វ៉ាក់សាំងកូវីដ-១៩នឹងបន្តចាក់ជូនប្រជាពលរដ្ឋនៅខេត្តកណ្តាល ទៀតក្នុងពេលឆាប់ៗខាងមុខនេះ,,

ខេត្តកណ្តាល៖ អាជ្ញាធរខេត្តកណ្ដាល បានឲ្យដឹងថា វ៉ាក់សាំងកូវីដ-១៩ នឹងបន្តចាក់ជូនប្រជាពលរដ្ឋ បន្តទៀត ក្នុងពេលឆាប់ខាងមុខនេះ នៅពេលវ៉ាក់សាំងមកដល់ ខណៈដែលក្រុមគ្រូពេទ្យជំនាញ បានត្រៀមលក្ខណ:រួចជាស្រេច ដើម្បីចាក់ជូនប្រជាពលរដ្ឋទូទៅចាប់ពីអាយុ១៨ឆ្នាំឡើងទៅ ជាពិសេសពលរដ្ឋជាកម្មករ បម្រើការងារតាមរោងចក្រ និងអ្នកទោសកំពុងជាប់ពន្ធនាគារជាដើម ។

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានមាន ប្រសាសន៍ថា នៅពេលនេះរដ្ឋបាលខេត្តកណ្ដាល បាននិងកំពុងរង់ចាំវ៉ាក់សាំងមកដល់ ហើយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត និងក្រុមគ្រូពេទ្យជំនាញ នឹងបន្តចាក់ជូនប្រជាពលរដ្ឋទូទៅ តាមពេលវេលា និងទីកន្លែងដែលបានកំណត់។ ឯកឧត្តមបន្តថា តាមអនុសាសន៍របស់សម្ដេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចផែនការ យុទ្ធសាស្ត្រ ចាក់វ៉ាក់សាំងតាមរបៀបផ្ការីក ដោយមានការ យកចិត្តទុកដាក់ចាក់វ៉ាក់សាំង ជូនពលរដ្ឋទូរទាំងប្រទេស ចាប់ពីរាជធានីភ្នំពេញ និងទីប្រជុំជនសំខាន់ៗ ជុំវិញរាជធានី ហើយពង្រីកជាជំហានៗទៅកាន់តំបន់ផ្សេងទៀត តាមលំដាប់លំដោយ ដើម្បីគ្រប់គ្រងឲ្យបាន នូវការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩នេះ ។

ជាគោលការណ៍ក៏ដូចជាអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោគឺយុទ្ធសាស្ត្រចាក់វ៉ាក់សាំងបែបផ្ការីកគឺមានន័យថាការយកចិត្តទុកដាក់ជាបន្តបន្ទាប់នោះគឺខេត្តកណ្តាលហើយប៉ុន្តែគ្រាន់តែយ៉ាងណានោះចាំកាលបរិច្ឆេទប្រាកដសិនព្រោះវាអាចប្រព្រឹត្តទៅតាមលក្ខណៈបច្ចេកទេស ហើយពិសេសនោះគឺកម្មករនិងអ្នកជាប់ពន្ធនាគារព្រោះកម្មករជាអ្នកសកម្មក្នុងកិច្ចការទំនាក់ទំនងក៏ដូចជាការជួបជុំគ្នាច្រើនហើយពន្ធនាគារក៏ដូចគ្នាដែរ។

សូមបញ្ជាក់ថា បច្ចុប្បន្ននេះខេត្តកណ្តាលក៏កំពុងរងការផ្ទុះជំងឺកូវីដ១៩ក្នុងសហគមន៍ធ្ងន់ធ្ងរផងដែរ បន្ទាប់ពីរាជធានីភ្នំពេញ ដែលស្ថិតក្នុងផែនការជំរុញ ការចាក់វ៉ាក់សំាងជូនប្រជាពលរដ្ឋឲ្យបានគ្រប់ៗ គ្នា។ ដើម្បីឲ្យស្របតាមយុទ្ធនាការចាក់វ៉ាក់សំាង នាពេលខាងមុខនេះ រដ្ឋបាលខេត្តកណ្តាលបានរៀបចំអនុវត្តផែនការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ព្រមទាំងរៀបចំមណ្ឌលព្យាបាលអ្នកជំងឺកូវីដ-១៩ និងមណ្ឌលចត្តាឡីស័ក តាមបណ្ដាក្រុង ស្រុក និងដើម្បីសង្កេតនិងវាយតម្លៃ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នាពេលបច្ចុប្បន្ន ដែលកំពុងឆ្លងរាលដាលនៅតាមបណ្ដារោងចក្រ និងពន្ធនាគារខេត្ត៕