បេីកការដេញថ្លៃ​​មូលនិធិ​ ឃុំ​ សង្កាត់ ដេីម្បីសាងសង់​ផ្លូវ​បេតុង​ចំនួន​៤គម្រោង នៅស្រុក​កំពង់សៀម

ខេត្តកំពង់ចាម​៖ នាព្រឹក​ថ្ងៃ​ទី​៧​ ខែមិថុនា​​ ឆ្នាំ​២០២១​ នេះ នៅ​សាលា​ស្រុក​កំពង់សៀម​ មានកម្មវិធីបើកគម្រោង​មូលនិធិ​ឃឃុំ សង្កាត់ របស់​គណៈកម្មការ​ជាតិ​សម្រាប់​ការអភិវឌ្ឍន៍​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់​ក្រោម​ជាតិ​​​ ​ត្រូវ​បាន​បេីក​សំណេី​ដេញ​ថ្លៃ​ ចំនួន​៤គម្រោង​​​​​​​​​ ក្រោម​វត្តមាន​​លោក​ ឡី​ មិច​ នាយក​រង​រដ្ឋបាល​សាលា​ខេត្ត​កំពង់ចាម​​និង​លោក​ ឈួន​ វិបុល​ អភិបាល​រង​ស្រុក​កំពង់សៀម​​ ដោយ​មាន​ការ​ចូលរួម​ពី​​​គណៈកម្មការ​ម្ចាស់​លទ្ធកម្ម​ ក្រុម​ការងារ​ខេត្ត​ និង​ស្រុក​ ព្រមទាំង​តំណាង​ក្រុម​ហ៊ុន​ ទទួល​ការ​ ជា​ច្រើន​រូប​ផង​ដែរ​។

ឆ្លៀត​ក្នុង​ឱកាសនោះដែរ​ លោក​ ឈួន​ វិបុល​ អភិបាលរង​ស្រុក​កំពង់សៀម​​​ បាន​ធ្វើ​ការ​សំណូមពរ​ដល់​​ក្រុម​ហ៊ុន​ ​ទទួល​ការ​ទាំងអស់​ សូម​ឲ្យ​មាន​ការ​ប្រកួតប្រជែង​ដោយ​ភាព​ថ្លៃថ្នូរ​ និង​កុំ​ឲ្យ​មាន​ការ​ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើ​ពុករលួយ​​ ហេីយ​ការ​សាងសង់​សំណង់​​ ​ឲ្យ​ត្រូវ​តាម​បទដ្ឋាន​លក្ខណៈ​បច្ចេកទេស​ ប្រយោជន៍​ដល់​ការ​ប្រើប្រាស់​បាន​យូរ​អង្វែង​ ជាពិសេស​ត្រូវ​អនុវត្ត​វិធានការ​ ៣ការពារ​ ៣កុំ​ ​តាម​សារ​អប់រំ​ពិសេស​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​កម្ពុជា​ និង​ក្រសួង​សុខាភិបាល​ ។

ក្នុង​នាម​អាជ្ញាធរ​ខេត្ត​ លោក​ ​ឡី​ មិច​​ នាយក​រង​រដ្ឋបាល​ខេត្ត​ បាន​ថ្លែង​អំណរគុណ​ដល់​អាជ្ញាធរ​ស្រុកកំពង់សៀម​ ដែល​បាន​រៀបចំ​ការ​ដេញ​ថ្លៃ​នេះ​ ឲ្យ​មាន​សណ្ដាប់​ធ្នាប់​ និង​របៀបរៀបរយ​​ ព្រមទាំង​បាន​សំណូមពរ​ដល់​តំណាង​ក្រុម​ហ៊ុន​​ ឲ្យ​គោរព​តាម​ក្រមសីលធម៌​របស់​អ្នក​ទទួល​ការ​ និង​ចូលរួម​​សហការ​ជាមួយ​អាជ្ញាធរ​ ដេីម្បី​បង្ការ​ទប់ស្កាត់​ការ​ឆ្លង​រីករាល​ដាល​នៃ​ជំងឺ​កូវីដ​-១៩​ ផងដែរ​ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ គម្រោង​ដែល​បាន​ដាក់​ឲ្យ​ដេញ​ថ្លៃ​ខាង​លើ​នេះ​ គឺមាន​ផ្លូវ​ចំនួន​៤ខ្សែ​ ដែល​ត្រូវ​ស្ថាបនា​​ ជូន​ប្រជាពលរដ្ឋ​​ប្រើប្រាស់​ ក្នុង​នោះ​មាន​ ១-ឃុំ​គៀនជ្រៃ​ សាងសង់ផ្លូវបេតុងអាមេ ប្រវែង ០.២៨៤គ.ម ទទឹង ៤ មែត្រ កម្រាស់០.១៥ម៉ែត្រ​ នៅភូមិកៀនជ្រៃក្នុង​។
២-ឃុំ​កោះរកា​ សាងងស់ផ្លូវបេតុងអាមេ ប្រវែង ០.៤២៦ គ.ម ទទឹង ៤ មែត្រ​ នៅភូមិថ្មី​។
៣-ឃុំ​គគរ​ សាងងស់ផ្លូវបេតុងអាមេ ប្រវែង ០.៣៤៣ គ.ម ទទឹង ៤ មែត្រ នៅភូមិគគរ១​។
៤-ឃុំ​រអាង​ សាងងស់ផ្លូវបេតុងអាមេ ប្រវែង ០.៤៣២គ.ម ទទឹង៤មែត្រ នៅភូមិទួលរកា​។