ព័ត៌មានជាតិ

ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ពិនិត្យលើការបន្តដាក់ចេញវិធានការរដ្ឋបាលសម្រាប់ភូមិសាស្ត្រក្រុងព្រះសីហនុ និងស្រុកព្រៃនប់ នៃខេត្តព្រះសីហនុ

 ខេត្តព្រះសីហនុ, នាព្រឹកថ្ងៃអាទិត្យ ១១រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ពិនិត្យលើការបន្តដាក់ចេញវិធានការរដ្ឋបាលសម្រាប់ភូមិសាស្ត្រក្រុងព្រះសីហនុ និងស្រុកព្រៃនប់ នៃខេត្តព្រះសីហនុ ជាតំបន់លឿង ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងការត្រៀមយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត នាយករដ្ឋបាលសាលាខេត្ត ស្នងការនគរបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត អភិបាលក្រុង ស្រុក និងប្រធានមន្ទីរពាក់ព័ន្ធ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុមានប្រសាសន៍ថា ថ្ងៃនេះយើងប្រជុំក្នុងក្របខណ្ឌគណ:បញ្ជាការឯកភាពរដ្ឋបាលខេត្ត និងដាក់ចេញវិធានការរដ្ឋបាលក្នុងភូមិសាស្ត្រ ដើម្បីបង្ការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩។ កន្លងមកដោយសារការខិតខំរបស់ក្រុមគ្រូពេទ្យ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងមានការចូលរួមពីប្រជាពលរដ្ឋ ធ្វើឱ្យការបិទខ្ទប់របស់យើងទទួលបានលទ្ធផលល្អប្រសើរ ដែលបង្ហាញថាវិធានការបិទខ្ទប់របស់យើងត្រឹមត្រូវ និងមានការចូលរួមពីប្រជាពលរដ្ឋបានពេញលេញ។

ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា ប្រជាពលរដ្ឋមួយចំនួន ដែលរស់នៅតំបន់ទំនប់រលក មិនបានចូលរួមអនុវត្តត្រឹមត្រូវតាមវិធានសុខាភិបាល និងការណែនាំ ៣.ការពារ ៣.កុំ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទើបធ្វើឱ្យមានការឆ្លងរាលដាលឡើងវិញ។ ជាមួយគ្នានេះ ត្រូវបន្តដាក់ជាតំបន់លឿងនូវ ក្រុងព្រះសីហនុ និងស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយបន្ថែមវិធានការយ៉ាងម៉ឺងម៉ាត់លើការផាកពិន័យ និងវិធានការច្បាប់ចំពោះបុគ្គលដែលមិនអនុវត្តតាមការណែនាំ។

ឯកឧត្តមអភិបាលខេត្ត បានថ្លែងអំណរគុណចំពោះសម្តេចតេជោ ដែលបានអនុវត្តយុទ្ធសាស្ត្រផ្ការីកនៃការចាក់វ៉ាក់សាំងនៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ដោយសារតែរាជធានីភ្នំពេញជាចំណុចកណ្តាល ដែលឆ្លងកាត់មកពីបណ្តាខេត្តនានា និងជាចំណុចមានហានិភ័យខ្ពស់។ ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានរៀបចំការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្ដាល បន្ទាប់មកខេត្តព្រះសីហនុ ក៏ជាខេត្តអទិភាពក្នុងការទទួលបានវ៉ាក់សាំង ដូច្នេះយើងត្រូវត្រៀមលក្ខណៈ និងចាត់ចែងកិច្ចការងារផ្សេងៗឱ្យបានរួចជាស្រេចដើម្បីរង់ចាំវ៉ាក់សាំងថ្មីចាក់ជូនប្រជាពលរដ្ឋនៅក្នុងខេត្តព្រះសីហនុរបស់យើង៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *