ព័ត៌មានជាតិ

ឯកឧត្តម​បណ្ឌិត កែរ រដ្ឋា ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ស្វាយរៀង សូមអំពាវនាវ​ដល់កម្មករ កម្មការនីរោងចក្រ ត្រូវ​តែ​ធ្វើ​ចត្តាឡីស័ក​នៅ​ផ្ទះ និង​នៅ​មណ្ឌលចត្តាឡីស័ក​ឱ្យ​បាន​ត្រឹម​ត្រូវ ក្រោយ​ពីរកឃើញករណី​វិជ្ជមាន​កូវីដ-១៩ នៅ​លើ​កម្មករ កម្មការនី មួយ​ចំនួន​នៅតាម​មូលដ្ឋាន ។

ខេត្តស្វាយរៀង៖ នាព្រឹក ថ្ងៃទី​ ០៣ ខែមិថុនា​ ឆ្នាំ២០២១ នេះ ឯកឧត្តម​បណ្ឌិត កែរ រដ្ឋា ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ស្វាយរៀង បានប្រាប់​អោយដឹងថា ចាប់​តាំង​ពីថ្ងៃទី​២១ ដល់​ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ២០២១ ក្រុមការងារ​យក​សំណាកបាន​យក​សំណាក​លើកម្មករ កម្មការនី ចំនួន ២.៥១៧នាក់ និង​បាន​រកឃើញ​ករណី​វិជ្ជមាន​ចំនួន ៣៥២នាក់ ក្នុង​ចំណោម​រោង​ចក្រ​ចំនួន​ ៨ នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេសចំនួន ៣ រួម​មាន តំបន់​សេដ្ឋកិច្ច​ពិសេស​សាន​តុង មាន​រោងចក្រ យូលី១ រោងចក្រ ប៊្យូលធីហ្វូលវីនដូ និង​រោងចក្រ អូខ្លូត តំបន់​សេដ្ឋកិច្ច​ពិសេស មេន​ហាធិន មាន​រោងចក្រ សាន់ ហ្វេង រោង​ចក្រ ម់ូរ៉ូហ្វូជី និងរោងចក្រ យូធីឡាយ ហើយ​និង​តំបន់​សេដ្ឋកិច្ច​ពិសេស តាយសេង មាន​រោងចក្រ អេអិនជេ និង​រោងចក្រ ស្មាតថេច ។

ចំពោះប្រភព​ចម្លង ក្រុម​ការងារ​សង្ស័យ​ទៅ​លើ​បុរស​ជា​ប្តី​កម្មការនី​ម្នាក់ ដឹកជញ្ជូន​បន្លែ​ពី​ស្វាយរៀងទៅ​លក់​នៅ​ផ្សារ​ដើមគរ ករណីខ្លះ ប្តីប្រពន្ធ​ធ្វើ​ការ​រោងចក្រ​ផ្សេង​គ្នា បើមាន​វិជ្ជមាន នឹង​ចម្លង​គ្នា រួចចម្លង​ទៅរោងចក្រផ្សេងទៀត ប៉ុន្តែ​មានរោង​ចក្រ​ខ្លះ ថៅកែ​រោងចក្រ​អនុវត្តតាម SOP ត្រឹម​ត្រូវ ឃើញ​ថា​ពុំមាន​ការចម្លង​ទេ ។ ក្រោយពីរកឃេីញអ្នក​វិជ្ជមាន ក្រុម​ការងារ​មន្ទីរសុខាភិបាល​ខេត្ត  បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ព្យាបាល​កូវីដ-១៩​ខេត្ត​ ធ្វេីចត្តាឡីស័ក​និង​យកសំណាក​ចំពោះ​អ្នក​ប៉ះពាល់​ផ្ទាល់ ចំណែក​អ្នក​ប៉ះពាល់​ប្រយោល​ឱ្យ​ធ្វើ​ចត្តាឡីស័ក​នៅ​តាម​ផ្ទះ ។ ហើយ​ប្រសិន​ជា​មាន​ចេញ​រោគ​សញ្ញា ដូច​ជា ក្តៅ ក្អក ថប់​ដង្ហើម ហៀរ​សំបោរ ត្រូវ​ប្រញាប់ប្រញាល់​ទៅធ្វេីសំណាកធ្វើតេស្តរកមេរោគកូវីដ-១៩ នឹងត្រូវ​គោរព​តាម​វិធានការ ៣ការពារ ៣កុំ របស់​សម្តេចតេជោ ហ៊ុន សែន ។​

ឯកឧត្តម​បណ្ឌិត កែរ រដ្ឋា សូម​អំពាវនាវ​ដល់ប្អូនៗ ក្មួយ​ៗ កម្មករ កម្មការនីរោងចក្រ គួរ​តែ​ធ្វើ​ចត្តាឡីស័ក​នៅ​ក្នុង​រោង​ចក្រ មិន​គួរ​កុំ​ទៅ​ចម្លងរោគដល់ប្តី​ប្រពន្ធ​កូន​ឪពុកម្ដាយ​បង​ប្អូនរបស់​ខ្លួនទេ។ ប្រសិន​បើ​ចត្តាឡីស័ក​នៅ​ក្នុង​រោង​ចក្រ​ វា​ពិបាកតែម្នាក់​ឯង ប៉ុន្តែ​បើ​សិន​ជា​ទៅ​ផ្ទះ នឹង​អាច​ចម្លងរោគដល់​ច្រើន​គ្នា និង​អាច​មន្ត្រី​ជំនាញ​យក​ទៅ​ចត្តាឡីស័ក​អ្នក​ពាក់ព័ន្ធ​ជា​ច្រើន​អ្នក​ទៀត ។

ឯកឧត្តម​បណ្ឌិត កែរ រដ្ឋា  បាន​បន្ថែម​ទៀត​ថា នេះ​ជា​លើក​ទី​២ហើយ ដែល​ខេត្ត​ស្វាយរៀង​មាន​ករណី​ផ្ទុះជំងឺ​កូវីដ-១៩ ប៉ុន្តែ​ដោយ​មាន​ការ​ផ្តល់​មតិ​យោបល់ និង​អនុសាសន៍​ល្អៗ ពីសំណាក់​លោកជំទាវ​កិត្តិសង្កហបណ្ឌិត ម៉ែន សំអន តំណាង​រាស្ត្រមណ្ឌលស្វាយរៀង ប្រធានក្រុម​ការ​ងារថ្នាក់​ជាតិ​ចុះជួយ​ខេត្ត​ស្វាយរៀង និង​ក្រុម​ការងារ​ និងដោយសារមានការគ្រប់​គ្រងបញ្ជា​ផ្ទាល់ពីឯក​ឧត្ដម​ ម៉ែន វិបុល អភិបាលខេត្ត និង​ជាប្រធាន​គណៈកម្មការ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូវីដ-១៩​ខេត្ត ធ្វើ​ឱ្យ​ស្ថានការណ៍​តានតឹង ត្រឡប់​ទៅ​ជា​ធូរស្រាល​វិញក្នុង​រយៈពេល​ដ៏ខ្លី ។
កត្តា​ជោគជ័យទាំងនេះ ក៏ដោយ​សារ​ការ​យក​ចិត្ត​ទុក​ដាក់ ឧបត្តម្ភ​គាំទ្រ ទាំង​សម្ភារៈ ឱសថ ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូវីដ-១៩ រួម​ទាំង​ថវិកាសម្រាប់​ឧបត្តម្ភ​ដល់​បុគ្គិលិក​បំរើ​ការងារ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូវីដ-១៩ ពីប្រមុខ​រាជរដ្ឋាភិបាល ក្រសួង​សុខាភិបាល និង​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត ។ ជាពិសេស​ទៅទៀត មន្ត្រី​កិច្ច​សន្យា បុគ្គិលិក​ស្ម័គ្រចិត្ត​បំរើ​ការងារ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូវីដ-១៩ មានសេចក្តីត្រេកអរយ៉ាង​ក្រៃលែង​ និង​ដឹង​គុណ​សម្តេច​តេជោ ហ៊ុន សែន ដែល​ពួក​គាត់​ត្រូវ​បាន​ក្រសួង​សុខាភិបាល​បញ្ជូន​ឈ្មោះ​ស្នើសុំ​សម្តេចតេជោ ​បញ្ចូល​ក្នុង​ក្របខ័ណ្ឌ​សុខាភិបាល​។​

ឯកឧត្តម​បណ្ឌិត បាន​ផ្តល់​រាយការណ៍ រហូតដល់​ថ្ងែ​នេះ មាន​អ្នក​ជំងឺ​កូវីដ-១៩ ចំនួន​សរុប ៩៣០នាក់  ស្រី ៥៤៧នាក់ (ជនជាតិខ្មែរ: ៨៨៦នាក់,ជនជាតិបរទេស: ៤៤នាក់) ចំនួនអ្នកជំងឺជាសះស្បើយសរុប:  ៤៦៣នាក់ ស្រី ២២២នាក់ អ្នកជំងឺស្លាប់០៦នាក់ ជា​ជនជាតិ​ខ្មែរ ។
ប្រជាពលរដ្ឋមកពីប្រទេសនានា និងការពិនិត្យសុខភាព​ចំនួន  4,390នាក់ ស្រី 1,280នាក់​។  សរុបអ្នកបានធ្វើចត្តាឡីស័ក មានចំនួន 4,399នាក់ ក្នុង​នោះ អ្នក​បញ្ចប់ការធ្វើចត្តាឡីស័កសរុប 4,318នាក់ និងអ្នកកំពុងធ្វើចត្តាឡីស័ក មានចំនួន 70នាក់។ លទ្ឋផលពីការយកសំណាកវិភាគ (ព្រឹត្តិការណ៌ ២០កុម្ភៈ)៖ យកសំណាកលើកទី១ ចំនួន 8,890នាក់  ស្រី 3,640នាក់ និងយកសំណាកលើកទី២ សរុប​2,290នាក់ ស្រី 859នាក់ ហើយ​និងយកសំណាកលើកទី៣ សរុប 46នាក់ ស្រី 25នាក់ ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *