ព័ត៌មានជាតិ

អាល់កុល​សម្លាប់​មេរោគ​ក្លែងក្លាយ ​ដែល​ផ្ទុក​សារជាតិ​មេ​តា​ណុល​ចំនួន​៥៤០​លីត្រ​ ដែល​រកឃើញ​នៅ​ឱសថ​មួយកន្លែង ក្នុង​ក្រុង​ខេមរភូមិន្ទ គឺ​ត្រូវបាន​បំផ្លាញ​តាមរយៈ​ការ​ចោល​ចូល​ប្រឡាយ​ទឹកស្អុយ

ភ្នំពេញ៖ កាលពី​ថ្ងៃទី​២៥ ខែឧសភា ឆ្នំា២០២១នេះ ការបំផ្លាញ​អាល់កុល​ក្លែងក្លាយ​នេះ ធ្វើឡើង​តាម​ការឯកភាព​របស់​លោក អេង ចាន់​ភា​រ៉ា ព្រះរាជ​អាជ្ញា​រង​ខេត្តកោះកុង មន្ត្រី​សាខា​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ កងកម្លាំង​សមត្ថកិច្ច និង​មន្ទីរជំនាញ​ផ្សេងទៀត ​។

លោក ហ៊ុយ ភិរម្យ ប្រធាន​សាខា​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ​ខេត្តកោះកុង បានឱ្យដឹង​នៅ​ថ្ងៃទី​២៦ ខែឧសភា ថា អាល់កុល​ផ្ទុក​ដោយសារ​ធាតុ​មេ​តា​ណុល​បង្ក​ផលប៉ះពាល់ និង​គ្រោះថ្នាក់​ដល់​អ្នកប្រើប្រាស់​នេះ រកឃើញ​នៅក្នុង​ឱសថស្ថាន​មួយកន្លែង​ក្នុង​ក្រុង​ខេមរភូមិន្ទ គ្រា​ម្ចាស់​ឱសថ​បាន​បញ្ជា​ទិញ​ពី​អ្នកលក់​តាម​អន​ឡាយ​មកពី​សង្កាត់​បឹង​កេងកង​៣ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។

ក្រោយ​ដឹង​ព័ត៌មាន​ក្រុមការងារ​ក៏​ផ្តល់ព័ត៌មាន​បន្ទាន់​ទៅកាន់​ថ្នាក់ដឹក​​នាំ​ចុះ​តាមដាន​អង្កេត និង​បង្ក្រាប​រក​ទីតាំង​លក់ដូរ​អាល់កុល​ខុសច្បាប់​នៅ​រាជធានី​ភ្នំពេញ​បន្ត ជា​លទ្ធផល​ពិតជា​បាន​បង្ក្រាប​អាល់កុល​ក្លែងក្លាយ​បានជា​ច្រើន​លីត្រ​ប្រាកដ​មែន​។

លោក​ប្រធាន​សាខា​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ​​ខេត្តកោះកុង សង្កត់ធ្ងន់​ដែរ​ថា ដោយមាន​ការយល់ព្រម​ពី​តំណាង​អយ្យការ​អម​សាលាដំបូង និង​ទទួលលទ្ធផល​សំណាក​ថែម​ទៅធ្វើ​តេស្ត​នៅ​រាជធានី​ភ្នំពេញ​ទើប​សម្រេច​បំផ្លាញចោល​អាល់កុល​ខូចគុណភាព​ទាំង​២០​កាន ស្មើនឹង​៥៤០​លី​ត្រតែម្តង​។​

សារធាតុ​មេ​តា​ណុល ពុំមាន​ប្រសិទ្ធភាព​ក្នុងការ​សម្លាប់​មេរោគ​កូ​វីដ​-១៩​នោះទេ មិនតែប៉ុណ្ណោះ​ការប្រើ​មេ​តា​ណុល សម្រាប់​លាងដៃ​សម្រាប់​សម្លាប់​មេរោគ​កូ​វីដ​-១៩ អាច​នឹង​បណ្តាលឱ្យ​ប៉ះពាល់​ដល់​សុខភាព​របស់​អ្នក​ប្រើ ដូចជា​បណ្តាលឱ្យ​រលាក​ស្បែក រលាក​ភ្នែក ឈឺក្បាល វិលមុខ ស្រវាំងភ្នែក ងងុយដេក បាត់បង់​ស្មារតី ក្អួតចង្អោរ រំខាន​ដល់​ការរំលាយ​អាហារ ឬ​អាច​បណ្តាល​ឱ្យស្លាប់​បាន​ប្រសិនបើ​យកទៅ​លាយ​ជាមួយ​ស្រា ហើយ​បរិភោគ​លើស​កម្រិត​។​

ក្រុមមន្ត្រី​ជំនាញ ក៏​ក្រើនរំលឹក​ដល់​អាជីវករ​លក់ដុំ លក់រាយ ម្ចាស់​ឱសថស្ថាន ម្ចាស់​ផ្សារ​ទំនើប និង​អ្នក​នាំចូល​ផលិត​ផល​អាល់កុល​ទាំងអស់ សូមកុំ​យក​សារធាតុ​មេ​តា​ណុល​បន្លំ​ជា​អាល់កុល​លក់​ជូន​ប្រជាពលរដ្ឋ ពីព្រោះ​សកម្មភាព​នេះ​បង្ក​ផលប៉ះពាល់​ដល់​សុខភាព​អ្នក​ប្រើ និង​ប្រឈម​ចំពោះមុខ​ច្បាប់​ថែម​ទៀតផង​។ រាល់​ការទិញ​លក់​ផលិតផល​ពិនិត្យ និង​ជ្រើសរើស​ផលិតផល​ដែលមាន​ស្លាក​សញ្ញា និង​ប្រភព​ត្រឹម​ត្រូវ ច្បាស់លាស់​។ ប្រសិនបើ​ប្រជាពលរដ្ឋ​មានការ​សង្ស័យ​ជាយថាហេតុ ពាក់ព័ន្ធ​នឹង​គុណភាព​អាល់កុល ឬ​មាន​ព័ត៌មាន​ពី​ការ​ស្តុក​ទុក ការ​ចរាចរ​ឬ​ចែកចាយ​អាល់កុល​ក្លែងក្លាយ​សូម​បន្ត​ផ្តល់​ព័ត៌មាន​មកកាន់​សាខា​ ក​.​ប​.​ប ដើម្បី​បង្ក្រាប​ទប់ស្កាត់​ទាន់ពេលវេលា​៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *